(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សា ទំនាក់ទំនង វិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា បានថ្លែងថា នៅពាក់កណ្តាល ឆ្នាំ២០១៦នេះ វិទ្យាស្ថានប៉ាស្ទ័រ បានជូនដំណឹង ជុំវិញហានិភ័យ នៃជំងឺមួយចំនួន ដែលកំពុងចាប់អារម្មណ៍លើពិភពលោក។

លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំបើកអង្គប្រជុំក្រុមប្រឹក្សាទំនាក់ទំនងវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦។

លោក ម៉ម ប៊ុនហេង បានលើកឡើងថា « ឆ្នាំនេះ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានជូនដំណឹងមកក្រសួងសុខាភិបាល អំពីហានិភ័យ ទាក់ទងនឹងការកើនឡើងនៃការស៊ាំថ្នាំផ្សះ និងថ្នាំ​ព្យាបាល​​ជំងឺ​គ្រុន​ចាញ់ ហានិភ័យទាក់ទងនឹងវីរុសហ្ស៊ីកា និងមធ្យោបាយទប់ទល់ មធ្យោបាយកាត់បន្ថយអត្រាមរណៈដោយសារជំងឺឆ្កែឆ្កួត»

លោកបានបន្ថែមថា «វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានចូលរួមក្នុងក្រុមការងារជាច្រើន របស់ក្រសួងសុខាភិបាល ហើយខ្ញុំសង្ឃឹមថា ការចូលរួមនេះមានភាពសកម្ម ស្របតាមអនុសាសន៍​របស់ក្រុមប្រឹក្សាទំនាក់ទំនង»

​សូមបញ្ជាក់ថា វិទ្យាស្ថានប៉ាស្ទ័រ គឺជាដៃគូដ៏សំខាន់មួយ របស់ក្រសួងសុខាភិបាល តាំងពី ឆ្នាំ១៩៩២មក  ដោយបានបានសហការប្រកប ដោយផ្លែផ្កាជាមួយក្រសួងសុខាភិបាល  ដើម្បីជាប្រយោជន៍ជូន​ដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការងារជាច្រើនដូចជា ការអង្កេតវិទ្យាសាស្រ្តលើជំងឺឆ្លងមានដូចជាជំងឺគ្រុនឈាម ជំងឺឆ្កែឆ្កួត ជំងឺគ្រុនចាញ់ ការស៊ាំនឹងថ្នាំផ្សះ ជំងឺគ្រុនផ្តាសាយបក្សី ជំងឺរលាកថ្លើម តាមរយៈការសហការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលនានារបស់ក្រសួងសុខាភិបាល ដែលមាន មជ្ឈមណ្ឌលជាតិ​ប្រយុទ្ធនឹងជំងឺគ្រុនចាញ់  វិទ្យាស្ថានជាតិ​សុខភាពសាធារណៈ  មជ្ឈមណ្ឌលជាតិ​ប្រយុទ្ធ​នឹងជំងឺអេដស៍ សើស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិ​កំចាត់រោគរបេង និងហង់សិន និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

ក្នុងឆ្នាំ ២០១៦ នេះ  ក្រសួងសុខាភិបាល បានសហការជាមួយវិទ្យា​ស្ថានប៉ាស្ទ័រកម្ពុជា ក្នុងការសិក្សាអំពី​ហានិភ័យ​ទាក់ទង​នឹងការកើនឡើង​នៃភាពស៊ាំ​នឹងថ្នាំផ្សះ និងថ្នាំព្យាបាល​ជំងឺគ្រុនចាញ់ និងហានិភ័យ​ទាក់ទងនឹងវីរុសហ្ស៊ីកា។

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក៏បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងក្រុមការងារ​បច្ចេកទេសផ្សេងៗ របស់ក្រសួងសុខាភិបាល ហើយការចូលរួម​ចំណែកនេះ នៅតែរក្សាភាពសកម្ម ស្របតាមអនុសាសន៍ របស់ក្រុមប្រឹក្សា​ទំនាក់ទំនង​នៃវិទ្យាស្ថាននេះ៕