(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាការអន្តរក្រសួងដើម្បីរៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា ពីសាធារណរដ្ឋសង្គមនិយមវៀតណាម បានជំរុញដល់ក្រុមការងារបច្ចេកទេសត្រូវខិតខំធ្វើយ៉ាងសាងសង់ចេតីយ៍ សម្រាប់តម្កល់អដ្ឋិធាតុយុទ្ធជនពលីកម្ពុជាចំនួន៤៩ ដែលត្រូវធ្វើមាតុភូមិនិវត្តន៍មកពីប្រទេសវៀតណាម ឱ្យហើយមុនថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។

ការជំរុញបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ ក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី ការបង្កើតគណៈកម្មាការអន្តរក្រសួង ដើម្បីរៀបចំមាតុភូមិនិវត្តន៍ អដ្ឋិធាតុ យុទ្ធជន កងកម្លាំងប្រដាប់អាវុធ រណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា ពីសាធារណរដ្ឋសង្គមនិយមវៀតណាម នាទីស្តីការក្រសួងការពារជាតិ។

នៅក្នុងសេចក្តីសំរេចស្តីពីការបង្កើតគណៈកម្មាការអន្តរក្រសួង បានតែងតាំងសម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធានគណៈកម្មាការអន្តរក្រសួង ព្រមទាំងមានអនុប្រធានចំនួន ៦រូប និងសមាជិកនៅតាមស្ថាប័ន ក្រសួងនានាមានការពាក់ព័ន្ធចំនួន១៤រូប។

ដើម្បីអនុវត្តភារកិច្ច ធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធ រណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជាពីសាធារណរដ្ឋសង្គមនិយមវៀតណាម មកកាន់ប្រទេសកម្ពុជា អោយបានលឿន និងទាន់ពេលវេលាគណៈកម្មាការអន្តរក្រសួង បានបង្កើតក្រុមការងារបច្ចេកទេសដើម្បីរៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុ ដោយបានតែងតាំងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីរៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា ពីសាធារណរដ្ឋសង្គមនិយមវៀតណាម និងអនុប្រធាន ៤រូប ព្រមទាំងសមាជិកចំនួន២២រូប។

នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថា បន្ទាប់ពីបានទទួលការណែនាំពីសម្តេចពិជ័យសេនា ប្រធានគណៈកម្មាការអន្តរក្រសួង ក្រុមការងារបានអនុវត្តភារកិច្ច ជាបន្តបន្ទាប់ក្នុងនោះបានប្រជុំពិនិត្យប្លង់ ស្ថាបត្យកម្មចេតីយ៍សម្រាប់តម្កល់អដ្ឋិធាតុយុទ្ធជនពលីកម្ពុជាចំនួន៤៩ ដែលត្រូវធ្វើមាតុភូមិនិវត្តន៍មកពីប្រទេសវៀតណាម ព្រមទាំងបានចុះពិនិត្យទីតាំងសាងសង់ចេតីយ៍ នៅក្នុងភូមិសាស្ត្រ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា អនុវត្តន៍តាមការណែនាំ និងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងក្នុងពិធីប្រារព្ធខួបលើកទី៤៥ ទិវាចងចាំតំណើរឆ្ពោះ ទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២ នៅតំបន់ប្រវត្តិសាស្ត្រកោះថ្ម X-16 កន្លងទៅនេះ គណៈកម្មាការអន្តរក្រសួងនឹងរៀបចំមាតុ ភូមិនិវត្តន៍ អដ្ឋិធាតុ យុទ្ធជន កងកម្លាំង ប្រដាប់អាវុធរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា ចំនួន៤៩រូប ពីសាធារណរដ្ឋសង្គមនិយមវៀតណាម មកកាន់ប្រទេសកម្ពុជាវិញ ដោយយកមក ដំកល់ទុក នៅក្នុង ចេតីយ៍ សំរាប់ធ្វើពីធីគោរពវិញាណក្ខន្ធ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។

សម្តេចពិជ័យសេនាទៀ បាញ់ បានបញ្ជាក់ថា ទោះបីនៅក្នុងឆ្នាំ២០២៣ កម្ពុជាមានកម្មវិធីធំជាច្រើនជាពិសេសការប្រកួតកីឡាស៊ីហ្គេមលើកទី២៣ ប៉ុន្តែនៅតែឆ្លៀតពេលធ្វើពិធី គោរពវិញ្ញាណក្ខន្ធដល់យុទ្ធជនពលីកម្ពុជាទាំង៤៩រូប នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅចេតីយ៍ដំកល់អដ្ឋិធាតុយុទ្ធជនពលីកម្ពុជានៅ X-16។

សូមបញ្ជាក់ថា ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃគម្រប់ខួបទី ៤៥ឆ្នាំ (១២ ឧសភា ១៩៧៨ - ១២ ឧសភា ២០២៣) នៃការបង្កើតកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជា ហ៊ុន សែន ដែលផ្តើមចេញពីថ្ងៃនេះ បានឈានទៅបង្កើត រណៈសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ហើយបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទទួលបានជ័យជម្នះ នាថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩៕