Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាកបាទក្រហមកម្ពុជា ចែកអំណោយមនុស្សធម៌ជូន ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ ២៧៧គ្រួសារ ក្នុងខេត្ដបន្ទាយមានជ័យ

25-05-2016 19:00

(បន្ទាយមានជ័យ)៖ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី ព្រមទាំងមានការចូលរួមពីសាខាខេត្តបន្ទាយមានជ័យ បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ មកពីស្រុកអូជ្រៅ មានចំនួន ១០៨គ្រួសារ ស្រុកព្រះនេត្រព្រះ មានចំនួន ១៤៧គ្រួសារ និងស្រុកភ្នំស្រុកចំនួន ២២គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ សរុបទាំងអស់ចំនួន ២៧៧គ្រួសារ។

 

ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ លោកស្រី អគ្គលេខាធិការ បានផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងការចូលរួម សោកស្តាយនូវការខូច ខាតទ្រព្យសម្បត្តិ ដោយគ្រោះធម្មជាតិពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងបានពាំនាំនូវសារមួយចំនួនរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជម្រាបជូនបងប្អូន ប្រជាពលរដ្ឋ ដែលមានខ្លឹមសារដូចតទៅ៖

 

១-សូមបងប្អូនប្រុងប្រយ័ត្នឲ្យបានខ្ពស់នូវ ខ្យល់កន្ត្រាក់ ផ្គរ រន្ទះ ជៀសវាងគ្រោះថ្នាក់ដោយប្រការណាមួយ ហើយត្រូវសាងសង់ផ្ទះឱ្យមានភាពធន់ «ផ្ទះប្រកបដោយសុវត្ថិភាព»។
២- គ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាចម្បងដែលបានស្លាប់មនុស្សយ៉ាងតិច ៦នាក់ ក្នុង១ថ្ងៃ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ  ត្រូវគិតគូរពីសុវត្ថិភាពតាមដងផ្លូវ ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ បើកបរត្រូវគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ បើកបរក្នុងល្បឿនកំណត់ បើកបរកុំជែងគ្នា និងកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
៣-ក្នុងបទពិសោធន៍កន្លងមក ក្នុងការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ កាកបាទក្រហមកម្ពុជា នឹងបង្កើនការផ្តល់ស្រះ-អណ្តូង ស្តារស្រះ ជួសជុលអណ្តូង និងជីកអណ្តូងឲ្យបានជ្រៅ និងច្រើនជាងនេះទៅតាមលទ្ធភាព ដើម្បីជួយបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។
៤- សូមឲ្យបងប្អូនប្រជាពលរដ្ឋ ផ្តោតសំខាន់ទៅលើបញ្ហាសុខភាព ធ្វើយ៉ាងណាថែទាំសុខភាពឲ្យបានល្អ មានអនាម័យល្អ ពិសារទឹកឆ្អិន លាងដៃឲ្យបានស្អាតមុនពេលហូបអាហារ ពោលគឺត្រូវចេះ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។
៥- ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវទៅរកសេវាសុខាភិបាល ដើម្បីថែរក្សាផ្ទៃពោះ ហើយត្រូវទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់តាមការកំណត់របស់គ្រូពេទ្យ និងត្រូវសម្រាលកូននៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព។ បើសង្ស័យថា ក្នុងខ្លួនមានផ្ទុកមេរោគអេដស៍ សូមទៅធ្វើតេស្តឈាម ហើយទទួលយកថ្នាំពន្យាជីវិតពីគ្រូពេទ្យ និងវិធីទប់ស្កាត់ការឆ្លងមេរោគពីម្តាយទៅកូន។

 

អំណោយដែលត្រូវចែកជូនក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម  មី ១កេស ត្រីខ ១០កំប៉ុង ឃីត១ (សារុង មុង ភួយ  ក្រមា) និងថវិកាមួយចំនួន។ ដោយឡែកប្រជាពលរដ្ឋរលំផ្ទះចំនួន ៤០ខ្នង បានទទួលកៅស៊ូតង់ ១ បន្ថែមទៀត៕