(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានផ្ញើលិខិតអបអរសាទរថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក គណៈមហានិកាយកម្ពុជា ដែលបានទទួលពានរង្វាន់ «សៅសេមាធម្មចក្រ» កាលពីពេលថ្មីៗនេះ។
ក្នុងសារលិខិតលោករដ្ឋមន្រ្តីបានលើកឡើងថា៖
«ទូលព្រះបង្គំខ្ញុំព្រះករុណា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ សូមគោរពសម្តែង នូវការអបអរសាទរប្រកបដោយសេចក្តីសោមនស្សរីករាយឥតឧបមា ក្នុងឱកាសប្រកបដោយមហាកិត្តិយសដ៏ឧត្តុង្គឧត្តម ដែល សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលពានរង្វាន់ “សៅសេមាធម្មចក្រ” ពីសម្តេចព្រះអរិយវង្សាគោតញ្ញាណ សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រថៃឡង់ដ៏ កាលពីថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។
ការថ្វាយពានរង្វាន់ “សៅសេមាធម្មចក្រ” ពីសម្តេចព្រះអរិយវង្សាគោតញ្ញាណ សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រថៃឡង់ដ៍ ពិតជាបង្ហាញពីការផ្តល់តម្លៃ និងមហាកិត្តិយសដ៏ថ្លៃថ្លាឧត្តុង្គឧត្តមក្រៃលែង សម្រាប់ជាតិ និងព្រះពុទ្ធសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាសក្ខីកម្មនៃស្នាព្រះហស្ថ សម្តេច ព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត ក្នុងទំនាក់ទំនងសហប្រតិបត្តិការល្អលើឆាកអន្តរជាតិ និងព្រះបូជ- នីយកិច្ចដ៏ថ្លៃថ្លា ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំខ្ញុំព្រះករុណា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ សូមថ្វាយព្រះពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា សូមទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមជូនជាតិ សាសនា និងសូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទានប្រោសព្រះមេត្តាទទួលនូវកតញ្ញូកតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត អំពីទូលព្រះបង្គំខ្ញុំព្រះករុណា»៕