(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានត្រៀមខ្លួនរួចជាស្រេចជាមួយភាគី អ៉ីតាលីក្នុងការ សម្របសម្រូល ជាមួយសហព័ន្ធ និងដៃគូពាក់ព័ន្ធ ក្នុងការជំរុញការអនុវត្ត MOU ស្តីពីការស្នុំកូនមកចិញ្ចឹម។ នេះបើតាមការបញ្ជាក់ ឲ្យ ដឹងពី លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្រោយបញ្ចប់ជំនួបរវាង លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយ លោក Francesco Saverio Nisio ឯកអគ្គរាជទូតអ៉ីតាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ឲ្យដឹងថា «ឯកអគ្គរដ្ឋទូតអ៉ីតាលី និង ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ចំពោះ ការចុះអនុស្សារណនេះ។ ឯកឧត្តមឯកអគ្គរដ្ឋ បានជម្រាបឯកឧត្តម ប្រាក់ សុខុន ពីបច្ចុប្បន្ននេះ អំពីការត្រៀម រៀបចំ របស់ភាគីខាងអ៉ីតាលី ក្នុងការអនុវត្ត អនុស្សារណៈស្តីពីការសុំកូនចិញ្ចឹម»។
ជាការឆ្លើយតប លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ភាគី អ៉ីតាលី កំពុងតែ រៀបចំ អនុវត្តអនុសារណៈ ស្តីពីការស្នុំកូនចិញ្ចឹម។
គួរបញ្ជាក់ថា បើតាមការឲ្យដឹងពី លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោកបន្តថា កម្ពុជា-អ៉ីតាលី បានចុះ អនុស្សារណៈនេះ តាំងពីឆ្នាំ២០០៤មកម្ល៉េះ។
ជាចុងក្រោយ ប្រទេសអ៉ីតាលី បានជម្រាបជូន លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តីអំពីការតាំងចិត្ត និងពង្រឹងពង្រីកបន្ថែមទៀត នូវទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យនៃប្រទេសទាំងពីរ ហើយភាគីអ៉ីតាលី បានសន្យាថា នឹងខិតខំបន្ថែមទៀត ក្នុងការអនុវត្តបំណងប្រាថ្នារបស់រដ្ឋាភិបាលអ៉ីតាលីជាមួយនឹងរដ្ឋាភិបាលកម្ពុជា៕