(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ ថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួល ពានរង្វាន់ «សៅសេមាធម្មចក្រ» ពីសម្តេចព្រះអរិយវង្សាគោតញ្ញាណ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រថៃឡង់ដ៍ កាលថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងវរោកាសដ៏មហាមង្គលនេះ ទូលព្រះបង្គំខ្ញុំព្រះករុណា និងភរិយា សូមព្រះអនុញ្ញាតនមស្ការប្រគេនថ្វាយនូវសម្ភាវកថាប្រកបដោយសច្ចភាពជាវិជ្ជមានដ៏ល្អប្រត្យក្សបំផុត ដោយមួយព្រះជន្មរបស់ព្រះអង្គតែងបដិបត្តិយ៉ាងខ្ជាប់ខ្ជួននូវព្រះវិន័យ និងព្រះសិក្ខាបទទ្រទ្រង់នូវភាពជាឧត្តមភេទ ព្រមទាំងចែករំលែកបណ្តុះបណ្តាលធនធានព្រះសង្ឃតម្រង់ទិស តាមផ្លូវពុទ្ធបាវចនាទាំងបី ជាគោលគ្រឹះដ៏រឹងមាំនៃព្រះពុទ្ធសាសនា អនុវត្តន៍គន្លងថេរវាទគ្រប់វត្តអារាមទូទាំងព្រះរាជាណាចក្រកម្ពុជា។