(ព្រះសីហនុ)៖ លោក ឃាង ភារម្យ នាយករងទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំដោះស្រាយ សំណើរបស់អាជីវករលក់ដូរនៅផ្សារលើ ចំនួន៦នាក់ ដែលស្នើសុំអន្តរាគមន៍ឲ្យពួកគាត់អាចលក់ដូរនៅកន្លែងដើមវិញ។
ជំនួបកាលពីពេលកន្លងទៅថ្មីៗនេះ ក៏មានការចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធ តំណាងរដ្ឋបាលក្រុងព្រះសីហនុ តំណាងចៅសង្កាត់លេខ៤ លោកប្រធានផ្សារលើ លោកប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ (ផ្សារចិន) និងអាជីវករទាំង៦រូបដែលជាម្ចាស់សំណើ។
បន្ទាប់ពីពិភាក្សា និងស្តាប់មតិរួចមក អង្គប្រជុំបានឯកភាព និងសម្រេចដូចខាងក្រោម៖
* រដ្ឋបាលខេត្តគាំទ្រការប្រកបរបរទទួលទានដោយសុចរិតរបស់បងប្អូន តែមិនគាំទ្រការលក់ដូរ នៅលើចំណីផ្លូវ ក្លោងទ្វារ ឬទីតាំងច្រកចេញចូលផ្សារ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយ និងសោភ័ណភាពនោះទេ ជាពិសេសហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩
* ស្នើសុំដល់អាជីវករមានការយោគយល់ និងចូលរួមសហការក្នុងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ឡើងវិញ ដោយត្រូវរកទីតាំងតូបលក់ដូរនៅក្នុងផ្សារឲ្យបានសមរម្យ
* រដ្ឋបាលខេត្ត ផ្តល់ជូនជម្រើសជូនអាជីវករទាំង៦រូប (ទី១៖ រកតូបលក់ដូរនៅក្នុងផ្សារលើ និងទី២៖ អាចទៅលក់ដូរនៅមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ (ផ្សារចិន) ដោយមិនគិតថ្លៃឈ្នួលតូបក្នុង រយៈពេល១ឆ្នាំ)
* ស្នើឲ្យប្រធានផ្សារលើ សិក្សាទីតាំងទំនេរនៅក្នុងផ្សារមេឃ ដើម្បីផ្ដល់កន្លែងលក់ដូរជូនអាជីវករទាំង៦រូប ក្នុងករណីចង់បន្តលក់ដូរនៅក្នុងផ្សារលើ ហើយមិនមានលទ្ធភាពជួលតូបលក់ដូរ
* ណែនាំដល់ប្រធានផ្សារ និងអាជីវករនៅក្នុងផ្សារលើ ត្រូវបន្តអនុវត្តខ្លឹមសារសេចក្តីសម្រេចលេខ១៨៥/២១សសរ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ឲ្យមានប្រសិទ្ធភាពខ្ពស់៕