(ព្រះសីហនុ)៖ ដើម្បីអនុវត្តផែនការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នកម្ម ខេត្តព្រះសីហនុ រយៈពេល៥ឆ្នាំ ២០២១-២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ បានបើកវគ្គផ្សព្វផ្សាយ ក្រោមអធិបតីភាព លោក ទិត ចន្ថា រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍ និងលោកស្រី ហៀក ហ៉ីមុល្លី អភិបាលរងខេត្ត។
លោកស្រី ហៀក ហ៉ីមុល្លី បានលើកឡើងថា ដើម្បីឲ្យអនុវត្តផែនការរៀបពេល៥ឆ្នាំនេះ ទទួលបានជោគជ័យ គឺទាមទារឲ្យមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់គុណភាពវិស័យទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ ឲ្យកាន់តែទទួលបានភ្ញៀវទេសចរច្រើន ស្របទៅនឹងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។
លោកស្រីបន្ដថា រាជរដ្ឋាភិបាល បានចាត់ទុកវិស័យទេសចរណ៍ គឺជាមាសបៃតង និងជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានា ចូលរួមជំរុញកំណើន និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចតាមរយៈការបង្កើតការងារ ការវិនិយោគ កាត់បន្ថយភាពក្រីក្រ ទ្រទ្រង់ការអភិវឌ្ឍរចនាសម្ព័ន្ធពាក់ព័ន្ធនិងអភិរក្សសម្បត្តិវប្បធម៌ និងធនធានធម្ម របស់ប្រទេសជាតិយ៉ាងសំខាន់។
ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាគោលនៅសេដ្ឋកិច្ចគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១០-២០២៥ និងនៅក្នុងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ជាតិ ផ្អែកលើសក្កដានុពលដ៏វិសេសវិសាល នៃធនធានសេដ្ឋកិច្ច និងធនធានធម្មជាតិ រួមមានកំពង់ផែអន្តរជាតិ ឆ្នេរ និងកោះដ៏ស្រស់ស្អាត មានតំបន់ទឹកជ្រោះ ទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនា និងសម្រាកកម្សាន្ដច្រើនជាងរាល់ឆ្នាំ។
ជាក់ស្តែងឆមាសទី១ ឆ្នាំ២០២២ ខេត្តព្រះសីហនុទទួលភ្ញៀវ បានជាង២លាននាក់ កើនឡើងបើធៀបនឹងឆមាសទី១ ឆ្នាំ២០២១មានភ្ញៀវទេសចរចំនួនជាងតែ៥៩ម៉ឺននាក់។
នៅក្នុងឱកាសនោះ លោក ទិត ចិន្ថា បានគូសបញ្ជាក់ថា កិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ផែនការបច្ចុប្បន្នកម្ម លើវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ ឆ្នាំ២០២១-២០២៥ ជាផែនការបន្តវេនដែលក្រុមការងារ បាននិងកំពុងអនុវត្តកាលពី៥ឆ្នាំមុន ដែលបានធ្វើយុទ្ធសាស្ត្រអំពីការអភិវឌ្ឍវិស័យទេសចរណ៍។
លោកថា ផែនការនេះ គឺជាការសិក្សារួមគ្នាទៅលើផ្នែកពាក់ព័ន្ធទាំងអស់ដូចជា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសមិទ្ធផលទេសចរណ៍ ការអភិវឌ្ឍនៅតាមតំបន់ឆ្នេរ កោះនៅក្នុងក្រុង នៃខេត្តព្រះសីហនុ ព្រោះខេត្តព្រះសីហនុ គឺជាប៉ូលសំខាន់មួយនៅក្នុងតំបន់ឆ្នេរ ដែលបានទាក់ទាញភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ ទាំងទេសចរណ៍ផ្ទៃក្នុង និងទេសចរណ៍អន្តរជាតិ។
លោកបន្តទៀតថា ដោយសារតែវិបត្តិជំងឺកូវីដ១៩ ធ្វើឲ្យសកលលោកក៏ដូចជាកម្ពុជា ធ្លាក់ចុះនៅវិស័យទេសចរណ៍ ហើយបច្ចុប្បន្នក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានបើកទេសចរណ៍ឡើងវិញឃើញថា ខេត្តព្រះសីហនុ សន្ទុះចំនួនភ្ញៀវទេសចរមានការកើនឡើងខ្លាំង ជាពិសេសភ្ញៀវទេសចរណ៍ផ្ទៃក្នុងទាំង ភ្ញៀវជាតិ និងអន្តរជាតិផ្ទៃក្នុង ជាពិសេសនៅក្នុងឱកាសនៃពិធីបុណ្យធំៗ ក៏ដូចជាថ្ងៃឈប់សម្រាកចុងសប្ដាហ៍។
លោកបន្ថែមថា កត្តាដែលនាំឲ្យខេត្តព្រះសីហនុ ទទួលភ្ញៀវទៅជាច្រើន ដោយខេត្តមានសក្កានុពលធនធានធម្មជាតិជាច្រើនដូចជា ឆ្នេរល្អស្អាត ប្រជុំឆ្នេរកោះ ធនធានបាតសមុទ្រតំបន់ទឹកធ្លាក់ ហើយមានហេដ្ឋារចនាសម្ព័ន្ធល្អស្អាត មានផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ផ្លូវដែក មានផ្លូវល្បឿនលឿន និងដាក់ឲ្យដំណើរការឆាប់ៗ នាពេលខាងមុខ និងមានសណ្ឋាគារភោជនីយដ្ឋានលំដាប់អន្តរជាតិ ក្នុងការទទួលភ្ញៀវទេសចរ៕