(ភ្នំពេញ)៖ លោក កឹម សុខា នឹងមិនចូលបំភ្លឺតាមការកោះហៅ របស់តំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ តាមការកំណត់នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ស្អែកនេះទេ។ នេះជាលើកទី២ហើយ ដែលលោកសម្រេចមិនចូលបំភ្លឺ ក្នុងនាមជាសាក្សី នៅក្នុងសំណុំរឿង សញ្ជារកម្ម ពាក់ព័ន្ធនឹងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ។
ជុំវិញការសម្រេចមិនឆ្លើយបំភ្លឺនេះ ក្រុមមេធាវីរបស់ លោក កឹម សុខា បានចេញលិខិតផ្លូវការមួយ ដោយបញ្ជាក់ថា មានមូលហេតុ៣យ៉ាង ដែលនាំឱ្យលោក កឹម សុខា មិនចូលបំភ្លឺតាមការកោះហៅ ខាងលើនេះ ។
មូលហេតុទាំងនោះ មានដូចជា៖
១. លោក កឹម សុខា កំពុងជាប់រវល់ក្នុងការបំពេញតួនាទី និងភារកិច្ច ជាអ្នកតំណាងរាស្រ្ត ដែលមានអភ័យឯកសិទ្ធិសភា ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ។
២. មុខងាររបស់ព្រះរាជអាជ្ញាជាសំខាន់ ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ គឺធ្វើការចោទប្រកាន់ ឬតម្កល់រឿងទុកឥតចាត់ការ។ តាមក្រមនីតិវិធីព្រហ្មទណ្ឌ មុខងាររបស់ព្រះរាជអាជ្ញា មិនតម្រូវឱ្យមានការស៊ើបអង្កេតស៊ីជម្រៅនោះទេ ហើយព្រះរាជអាជ្ញាក៏មិនត្រូវបានផ្តល់សិទ្ធិអំណាចណាមួយឱ្យ ចាប់បង្ខំសាក្សីឱ្យចូលបំភ្លឺ ដោយខានមិនបាននោះទេ។ លើសពីនេះទៅទៀត ព្រះរាជអាជ្ញាក៏មិនទាន់បានស្តាប់ចម្លើយជនសង្ស័យ ហើយក៏ពុំទាន់ធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការនៅឡើយដែរ។
៣. នៅដំណាក់កាលស៊ើបអង្កេតបឋមនេះ តំណាងអយ្យការមិនមានសិទ្ធិអំណាចណាមួយ ដែលមានចែងក្នុង ក្រមនីតិវិធីព្រហ្មទណ្ឌឱ្យប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំឱ្យ លោក កឹម សុខា ចូលបង្ហាញខ្លួន ឬនាំខ្លួនបានទេ។ ការនាំខ្លួនអ្នកតំណាងរាស្រ្ត គឺស្មើនឹងការចាប់ខ្លួន ឬឃាត់ខ្លួន ដែលជាការរំលោភលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាយ៉ាងធ្ងន់ធ្ងរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកៅ ហៅលោក កឹម សុខា ក្នុងនាមជាសាក្សី ជាលើកទី២ ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៩៖០០ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ស្អែកនេះ ជុំវិញដំណើររឿង ពាក់ព័ន្ធនឹង អំពើសញ្ជារកម្ម។
លោក កឹម សុខា ត្រូវបានកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ អះអាងថា មានទំនាក់ទំនងស្នេហាស៊ីជម្រៅ ជាមួយនាងរហូតដល់នាំគ្នាទៅដើរ លេងនៅប្រទេសថៃ។ ប៉ុន្តែស្រីមុំ បានចោទលោក កឹម សុខាថា មិនបានធ្វើទៅតាមការសន្យាជាមួយនឹងហើយប្តឹងទាមទារ សំណង៣០ម៉ឺនដុល្លារ៕