(កំពង់ធំ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយមន្ត្រីបុគ្គលិកសាខាធនាគារជាតិនៃកម្ពុជាសាខាខេត្តកំពង់ធំ និងបានក្រើនរំឭកដល់មន្រ្តីបុគ្គលិក សាខាធនាគារជាតិនៃកម្ពុជាខេត្តកំពង់ធំ ឱ្យបន្តអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ដើម្បីក្លាយជាមន្រ្ដីប្រកបដោយសក្តានុពល និងជាទ្រព្យសកម្មរបស់ធនាគារជាតិនៃកម្ពុជា។
ក្នុងនោះផងដែរលោកទេសាភិបាលក៏បានផ្ដល់អនុសាសន៍សំខាន់ៗជាច្រើន ដល់មន្រ្ដីធនាគារជាតិនៃកម្ពុជាសាខាខេត្តកំពង់ធំរួមមាន៖
១៖ បទពិសោធន៍គ្រប់គ្រងល្អរបស់ធនាគារជាតិនៃកម្ពុជា ក្នុងអំឡុងការរាលដាលជំងឺកូវីដ-១៩ ដែលគ្រប់សាខាទាំងអស់បានបន្តប្រតិបត្តិការជាប្រក្រតី ដោយសារការអនុវត្តខ្ជាប់ខ្ជួន តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
២៖ ការរួមចំណែករបស់សាខាធនាគារជាតិនៃកម្ពុជាខេត្តកំពង់ធំ ក្នុងការពង្រឹងជំនឿទុកចិត្តដល់សាធារណជន និងរួមចំណែកអភិវឌ្ឍប្រព័ន្ធធនាគារកម្ពុជា។
៣៖ ក្រើនរំឭក ដល់មន្រ្តី បុគ្គលិកសាខាធនាគារជាតិនៃកម្ពុជាខេត្តកំពង់ធំឱ្យបន្តអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ដើម្បីក្លាយជាមន្រ្តីប្រកបដោយសក្តានុពល និងជាទ្រព្យសកម្មរបស់ធនាគារជាតិនៃកម្ពុជា។
លោក ជា ចាន់តូទេសាភិបាល ក៏បានក្រើនរំឭកដល់មន្ត្រី-បុគ្គលិកសាខា ឱ្យបន្តអនុវត្តវិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល បើទោះបីជាករណីឆ្លងជំងឺកូវីដ-១៩ បានថមថយក្តី ជាពិសេសត្រូវចូលរួមចាក់ថ្នាំបង្ការដូសទី៥ឱ្យបានគ្រប់ៗគ្នា៕