(ភ្នំពេញ)៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានចាត់ទុកថា របាយការណ៍របស់រដ្ឋាភិបាលអាមេរិក ដែលបានដាក់រាជរដ្ឋាភិបាលកម្ពុជា ទៅក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្ស គឺជារបាយការណ៍ ដែលរៀបចំឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ឡើយ។
ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានផ្សព្វផ្សាយរបាយការណ៍ ឆ្នាំ២០២២ ស្តីពីការជួញដូរមនុស្ស។ ក្នុងបាយការណ៍នោះ គឺអាមេរិក បានដាក់កម្ពុជា វៀតណាម តំបន់ម៉ាកាវ របស់ចិន និងប្រទេសផ្សេងទៀត ពីបញ្ជីស្ថិតក្រោមការឃ្លាំមើលនៅកម្រិត២ ទៅកម្រិត៣ ដែលគេស្កាល់ជាទូទៅថា បញ្ជីខ្មៅ ដែលជាកម្រិតដ៏អាក្រក់។ អាមេរិកចោទប្រកាន់ថា កម្ពុជា និងប្រទេសទាំងនោះ មានកិច្ចខិតខំតិចតួច និងមិនបានគោរពតាមស្តង់ដារនៃការលុបបំបាត់ការជួញដូរមនុស្ស។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា អ្វីដែលកម្ពុជាទទួលបានព័ត៌មាន ដែលសហរដ្ឋអាមេរិក បានធ្វើការវាយតម្លៃ ជាពិសេសពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល នៃបណ្តាប្រទេសលើពិភពលោក រឿងជួញដូរមនុស្ស គឺកម្ពុជាមានការភ្ញាក់ផ្អើល ហើយខកចិត្ត។ លោកស្រីពន្យល់ថា ពាក្យថាលេខ៣ គឺស្មើនឹងរដ្ឋាភិបាលមិនបានធ្វើអ្វី ឬមួយក៏មិនយកចិត្តទុកដាក់ ឬមួយក៏ធ្វើបានតិចតួច ដែលមិនឆ្លើយតបនឹងបទដ្ឋាន សូម្បីតែអប្បបរមា ចំពោះការជួញដូរមនុស្ស។
លោកស្រី ជូ ប៊ុន អេង បានលើកឡើងទៀតថា ក្រុមការងារដែលធ្វើជាមួយគ្នា ទាំងអង្គការដៃគូក្នុងស្រុក ទាំងនៅអន្តរជាតិ ក៏ដូចជាអង្គការសហប្រជាជាតិ ឬប្រទេស ដែលពាក់ព័ន្ធ ដែលធ្វើការជាមួយកម្ពុជា ក៏ពួកគាត់បានដឹងហើយថា កម្ពុជាធ្វើការច្រើនណាស់។ លោកស្រីបន្តថា សូម្បីតែដំណាក់កាលរាតត្បាតជំងឺកូវីដ១៩ ដែលកម្ពុជាមានការប្រឈម ជាមួយការកម្រិតកំណត់នូវថវិកាក៏ដោយ ក៏ក្រុមការងារអន្តរក្រសួង/ស្ថាប័ន តាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ មិនបានសម្រាកឡើយ ក្នុងការងារទប់ស្កាត់អំពើជួញដូរមនុស្ស។
លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះ «សរុបសេចក្តីមួយ ខ្ញុំចង់និយាយថា ត្រង់ណាទៅដែលមានន័យថា រដ្ឋាភិបាលកម្ពុជាមិនយកចិត្តទុកដាក់ ឬមិនដោះស្រាយ ជាមួយបញ្ហាដែលកើតមាន ចំពោះអំពើជួញដូរមនុស្សនោះ? ហើយយើងគិតថា យ៉ាងហោចណាស់ ក៏ត្រូវលើកទឹកចិត្ត ដោយសារតែពេលជួបគ្នា តែងតែទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង។ អញ្ចឹងការវាយតម្លៃនោះ ផ្អែកលើអ្វី? ហើយអ្វីដែលយើងមើលឃើញ គឺចោទប្រកាន់នោះ ដោយផ្អែកតាមព័ត៌មាន ដែលថាមានការជួញដូរមនុស្ស។ តើយកព័ត៌មាន មកធ្វើជាបង្អែកនៅក្នុងការវាយតម្លៃ លើសកម្មភាពជាក់ស្តែង ដែលគេបានធ្វើនោះឬអត់»?
សម្រាប់របាយការណ៍ស្តីពីការជួញដូរមនុស្សរបស់អាមេរិក ត្រូវបានបែងចែកជា ៥កម្រិត ដោយកម្រិត១ គឺល្អ និងគោរពស្តង់ដារអប្បបរមា, កម្រិត២ រដ្ឋាភិបាលគោរពស្តង់ដារនៃការជួញដូរ មិនបានពេញលេញ ប៉ុន្តែមានកិច្ចខិតខំក្នុងការកែលម្អ, កម្រិត២ ស្ថិតក្នុងបញ្ជីឃ្លាំមើល គឺរដ្ឋាភិបាលគោរពស្តង់ដារនៃការជួញដូរមិនបានពេញលេញ និងមានកិច្ចខិតខំកែលម្អបញ្ហានេះ ប៉ុន្តែអត្រានៃការជួញដូរនៅតែបន្តកើនឡើង, កម្រិត៣ ជាកម្រិតដែលរដ្ឋាភិបាលមិនគោរពស្តង់ដារអប្បបរមានៃការជួញដូរឱ្យបានពេញលេញ និងមិនមានកិច្ចខិតខំទប់ស្កាត់ការជួញដូរមនុស្ស និងកម្រិតចុងក្រោយ គឺករណីពិសេស។
ក្នុងរបាយការណ៍ឆ្នាំ២០២២ អាមេរិកបានអះអាងថា កម្ពុជាបានចាត់វិធានការមួយចំនួនដែរដូចជាការបន្តចាប់ខ្លួន កាត់ទោសអ្នកជួញដូរមនុស្ស និងជួយជួយជនរងគ្រោះនៅបរទេសឱ្យត្រលប់មកប្រទេសវិញ ប៉ុន្តែអំពើពុករលួយ បានបង្អាក់ប្រតិបត្តិការអនុវត្តច្បាប់ និងការទទួលខុសត្រូវចំពោះឈ្មួញជួញដូរ។
«ពាក់ព័ន្ធនឹងគាត់ថា មានការរំលោភបំពាន មានអំពើពុករលួយនៅមូលដ្ឋាន ខ្ញុំសួរថា នៅកន្លែងណា? គាត់ឆ្លើយថា គេធ្វើដោយសម្ងាត់។ ខ្ញុំថា បើធ្វើដោយសម្ងាត់ម៉េចក៏ដឹង? ហើយបើដឹងហើយ ម៉េចមិនសហការជាមួយគ្នា? នេះជាសំណួរបស់លោកស្រី ជូ ប៊ុនអេង។
ពាក់ព័ន្ធនឹងចំណាត់ថ្នាក់ ដែលផ្តល់ដោយអាមេរិក គឺលោកស្រី ជូ ប៊ុនអេង បានលើកឡើង ២ចំណុចសំខាន់ៗ រួមមាន៖
* ទី១៖ កម្ពុជាបានធ្វើច្រើនហើយ និងមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង និងសុំឲ្យមានការសម្របសម្រួល នៅក្នុងការបញ្ជូនត្រឡប់ នៅក្នុងការទទួលជនរងគ្រោះ ហើយកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាប គឺបានធ្វើយ៉ាងដិតដល់។ នេះមានន័យថា កម្ពុជាមានគោលនយោបាយ និងផែនការច្បាស់លាស់ ក្នុងការបង្ក្រាបអំពើជួយដូរមនុស្ស។
* ទី២៖ រឿងដែលធ្វើឲ្យកម្ពុជាមិនសប្បាយចិត្ត គឺអ្វីដែលបានសន្យា និងការអះអាងរបស់ស្ថានទូតអាមេរិក ដែលបានជួបតំណាងកម្ពុជា គេថានឹងសហការឲ្យបានជិតស្និត ដើម្បីជួយគ្នាបំពេញចន្លោះ ហើយអាមេរិកប្រកាសផ្តល់ជំនួយ ដល់អង្គការដៃគូរបស់គាត់ ដើម្បីធ្វើការទៅលើគម្រោងមួយចំនួន ដើម្បីមានការបំពេញបន្ថែម កុំឲ្យកម្ពុជាធ្លាក់ពេក ឬមានចន្លោះខ្វះខាត។ ការសន្យាជួយនោះ បែរជាធ្វើឲ្យកម្ពុជាកាន់តែធ្លាក់ក្នុងសភាពយ៉ាប់ជាងមុនទៅវិញ។
សម្រាប់លោកស្រី ជូ ប៊ុនអេង, នៅអាស៊ានក៏មានប្រទេសពាក់កណ្តាល ដែលអាមេរិកដាក់ចូលក្នុងបញ្ជីខ្មៅ លើរឿងជួញដូរមនុស្ស ហើយប្រទេសទាំងនោះ រួមមាន វៀតណាម ម៉ាឡេស៉ី ព្រុយណេ មីយ៉ាន់ម៉ា ខណៈដែលថៃ បានហក់ទៅលេខ២ វិញ។
សូមបញ្ជាក់ថា អាមេរិកក៏បានដាក់ចិនជាប្រទេសមួយស្ថិតក្នុងកម្រិត៣ នៃការជួញដូរមនុស្សផងដែរ ហើយរដ្ឋាភិបាលចិន បានច្រានចោល និងបានលើកឡើងថា អាមេរិកជាប្រទេស ដែលមានអំពើជួយដូរច្រើនជាងគេបំផុតក្នុងលោកផងដែរ៕