(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញេីសារលិខិតអបអរសាទរ ថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួល ពានរង្វាន់ «សៅសេមាធម្មចក្រ» ពីសម្តេចព្រះអរិយវង្សាគោតញ្ញាណ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រថៃឡង់ដ៍ កាលថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។

ក្នុងសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា៖ ការថ្វាយពានរង្វាន់ «សៅសេមាធម្មចក្រ» ពីសម្តេចព្រះអរិយវង្សាគោតញ្ញាណ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រថៃឡង់ដ៍ ពិតជាបង្ហាញពីការផ្តល់តម្លៃ និងមហាកិត្តិយសដ៏ថ្លៃថ្លា ឧត្តុង្គឧត្តមយ៉ាងក្រៃលែងសម្រាប់ជាតិ និងព្រះពុទ្ធសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាសក្ខីកម្មនៃស្នាព្រះហស្ត សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត ក្នុងទំនាក់ទំនងសហប្រតិបត្តិការល្អលើឆាកអន្តរជាតិ និងព្រះបូជនីយកិច្ចដ៏ថ្លៃថ្លា ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជា សូមថ្វាយព្រះពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សូមទទួលបានជោគជ័យថ្មីៗថែមទៀតក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តម ជូនជាតិ សាសនា និងសូមបានប្រកបដោយព្រះពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយចំពោះ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា៖