(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ អញ្ជើញចុះពិនិត្យលំហាត់យុទ្ធដំណើរទ័ព នៃវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥១៣ ចំណុះឱ្យកងពលតូចថ្មើរជើងលេខ៥១។
វគ្គហ្វឹកហ្វឺននេះបានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ មានរយៈពេល ៦១ថ្ងៃ។ លំហាត់យុទ្ធដំណើរទ័ពនេះ មានចម្ងាយ ៧១គីឡូម៉ែត្រ។ ក្នុងនោះធ្វើដំណើរចល័តដោយរថយន្តចម្ងាយ ៥១គីឡូម៉ែត្រ និងចល័តដោយថ្មើរជើងចម្ងាយ ២១គីឡូម៉ែត្រ និងធ្វើលំហាត់ចល័តវាយលុក ក្នុងភូមិសាស្រ្តទីលានបាញ់គ្រាប់ពិត កងពលតូចថ្មើរជើងលេខ៥១ ភ្នំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានលើកឡើងថា ស្ថិតនៅក្នុងកាលៈទេសៈប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ គឺជាឱកាសមាសសម្រាប់កងទ័ពធ្វើការហ្វឹកហ្វឺន ពង្រឹងសមត្ថភាព ជំនាញយុទ្ធវិធីកងទ័ពឱ្យបានស្ទាត់ជំនាញ ធានាបានទាំងបរិមាណ គុណភាព ធានាបាននូវតួនាទីភារកិច្ច ការពារជាតិមាតុភូមិ និងប្រជាជន។
ក្នុងឱកាសនោះ លោកមេបញ្ជការរងនាយសេនាធិការ បានគូសបញ្ជាក់ថា ក្រុមការងារហ្វឹកហ្វឺន ត្រូវត្រួតពិនិត្យវាយតម្លៃឱ្យបានច្បាស់លាស់ ចំពោះសិក្ខាកាម ដែលទទួលបាននិទ្ទេសល្អ ត្រូវផ្តល់ប័ណ្ណសរសើរ លិខិតសរសើរ ប្រកបដោយតម្លាភាព ដើម្បីកសាងពង្រឹងគុណភាពនាយទាហានបន្តវេន។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បន្ថែមថា ក្រៅពីហ្វឹកហ្វឺនពង្រឹងសមត្ថភាព ត្រូវត្រៀមអន្តរាគមន៍ ២៤ម៉ោងលើ ២៤ម៉ោង ទាំងកម្លាំង សម្ភារ មធ្យោបាយ សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តាយធម្មជាតិផ្សេងៗ ឱ្យបានទាន់ពេលវេលាផងដែរ។ ជាពិសេសត្រូវបន្តយកចិត្តទុកដាក់ បន្តអនុវត្តន៍វិធានការ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមវិធានការសុខាភិបាល និងវិធានការ «៣ការពារ និង ៣កុំ» ឱ្យបានជាប្រចាំ៕