(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានគាំទ្រឱ្យមានកិច្ចសហការណាមួយរវាងក្រុមហ៊ុន ខ្មែរហ្វឺស អុិនវេសមេន ហូលឌីង គ្រុប និងមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីឱ្យប្រជាពលរដ្ឋបានព្យាបាលជំងឺដោយប្រើប្រាស់ឱសថបុរាណចិន។
កិច្ចគាំទ្រខាងលើនេះ លោកអភិបាលខេត្តបាន លើកឡើងនៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ក្នុងជំនួបពិភាក្សាជាមួយប្រតិភូក្រុមហ៊ុន ខ្មែរហ្វឺស អុិនវេសមេន ហូលឌីង គ្រុប ជួបសម្ដែងការគួរសម នៅសាលាខេត្តកំពង់ចាមដោយមានការចូលរួមពីសំណាក់លោកវេជ្ជបណ្ឌិត ជា សំណាង នាយកខុទ្ទកាល័យ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី។
ទាក់ទងទៅនឹងកិច្ចពិភាក្សាខាងលើនេះដែរ អភិបាលខេត្តកំពង់ចាម បានសុំអនុញ្ញាតស្នើសុំទៅក្រសួងសុខាភិបាលជាមុនសិន ដោយហេតុថាមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ចាម ជាអ្នកគ្រប់គ្រងបុគ្គលិក ប៉ុន្តែទាក់ទងទៅនឹងឱសថប្រើប្រាស់ គឺត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងអនុញ្ញាតដោយក្រសួងសុខាភិបាល ។ ជាមួយគ្នានេះ ដើម្បីឱ្យដំណើរការនេះទៅដោយរលូន ខាងក្រុមហ៊ុន ជាមួយនឹងអាជ្ញាធរក្រុងកំពង់ចាម ត្រូវមានការសិក្សា ត្រួតពិនិត្យទៅលើទីតាំង និងការបំពាក់ឧបករណ៍សុខាភិបាល ដើម្បីពិនិត្យ និងព្យាបាលប្រភេទជំងឺអ្វីខ្លះ ជូនប្រជាពលរដ្ឋ របស់ពេទ្យជំនាញបុរាណចិន។
សូមជម្រាបថា ក្រុមហ៊ុន ខ្មែរហ្វឺស អុិនវេសមេន ហូលឌីង គ្រុប បានសហការជាមួយក្រុមហ៊ុន Phnom Penh Wenyi Trading Co., Ltd បានបង្កើតមន្ទីរពេទ្យមិត្តភាពភ្នំពេញ (ឯកទេសឱសថបុរាណចិន) នៅរាជធានីភ្នំពេញ។ ហើយមន្ទីរពេទ្យមិត្តភាពភ្នំពេញមានបំណងធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកឱសថបុរាណជាមួយនឹងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដើម្បីផ្ដល់សេវាព្យាបាលជំងឺជូនប្រជាពលរដ្ឋឱសថបុរាណខ្មែរ និងចិនឱ្យកាន់តែមានភាពសន្សំសំចៃ៕