(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អង្គការ HALO Trust បានព្រមទទួលយកការបោសសម្អាតមីនបញ្ចប់នៅខេត្តសៀមរាប និងដើម្បីប្រកាសជាខេត្តអស់មីន ក្នុងទំហំផ្ទៃដីនៅសល់សរុបចំនួន ៥៧.៨៩១.៤២១ម៉ែត្រក្រឡា (៥៧,៨៩គីឡូម៉ែត្រក្រឡា ស្មើនឹង ៦៥៩ចម្ការមីន ដោយប្រើប្រាស់ធនធានដែលមានស្រាប់ពីម្ចាស់ជំនួយ។ នេះជាការបញ្ជាក់របស់ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ។
ទេសរដ្ឋមន្រ្តី បានបន្តថា ធនធានមានស្រាប់របស់ អង្គការ HALO Trust សម្រាប់ការបោសសម្អាតមីននៅខេត្តសៀមរាប បានមកពីការចូលរួមគាំទ្រពីរដ្ឋាភិបាល និងប្រជាជននៃសហរដ្ឋអាមេរិក ចក្រភពអង់ អាល្លឺម៉ង់ ស្វីស និងអៀរឡង់។
ជាមួយគ្នានេះដែរ ទេសរដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំចលនាកៀរគរធនធានពីវិស័យឯកជន និងសប្បុរសជន សម្រាប់បោសសម្អាតផ្ទៃដីដែលមានមីននៅទូទាំងប្រទេស ដើម្បីអាចបំពេញបាននូវគោលបំណងដូចមានចែងក្នុងផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និងដើម្បីសម្រួលដល់ការរៀបចំផែនការ បែងចែកតំបន់ប្រតិបត្តិការ និងទំហំថវិកាសម្រាប់បោសសម្អាត។
ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ក្នុងដំណើរទស្សនកិច្ចចម្ការមីនរបស់អង្គការ HALO Trust នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ លោកទេសរដ្ឋមន្រ្តី បានស្នើសុំទៅលោក Miles Hawthorn ប្រធានអង្គការ HALO Trust ប្រចាំនៅកម្ពុជា ឱ្យពិនិត្យលទ្ធភាពពីការទទួលយកខេត្តសៀមរាប ធ្វើការបោសសម្អាតមីនបញ្ចប់ ក្នុងទំហំផ្ទៃដី ៥៧.៨៩១.៤២១ម៉ែត្រក្រឡា ស្មើនឹង ៦៥៩ចម្ការមីន ដើម្បីប្រកាសជាខេត្តអស់មីនតាមពេលវេលាសមស្រប។
ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី, ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះអង្គការ HALO Trust ដែលបានបំពេញការងារបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជាអស់រយៈពេលជាង៣០ឆ្នាំកន្លងមក ដើម្បីផ្តល់ដីសុវត្ថិភាព សង្គ្រោះជីវិតពលរដ្ឋ ក៏ដូចជាចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នេះ នៅទឹកដីខេត្តសៀមរាប លោកទេសរដ្ឋមន្រ្តីនឹងអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើក៣០ឆ្នាំ នៃការចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌របស់ HALO Trust នៅកម្ពុជា។
តាមលិខិតឆ្លើយតបរបស់លោក Miles Hawthorn បានបញ្ជាក់ថា អង្គការ HALO Trust នឹងដាក់ពង្រាយកម្លាំងបោសសម្អាតចាប់ពីខែសីហានេះតទៅ ដោយគ្រោងនឹងបញ្ចប់ក្រុងសៀមរាប និងស្រុកក្រឡាញ់ នៅក្នុងឆ្នាំ២០២២នេះ ចំណែកស្រុកផ្សេងទៀត គ្រោងនឹងបញ្ចប់នៅឆ្នាំបន្ទាប់ៗ។
សូមបញ្ជាក់ថា តបតាមការស្នើសុំរបស់អាជ្ញាធរមីន កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ អង្គការ HALO Trust បានទទួលយល់ព្រមធ្វើការបោសសម្អាតមីននៅស្រុក/ក្រុងចំនួន ៣ រួមមានក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ ក្នុងទំហំផ្ទៃដី ១.០១៣.៥២២ម៉ែត្រក្រឡា (ជាង ១គីឡូម៉ែត្រក្រឡា) និងកំពុងធ្វើការបោសសម្អាតផងដែរ៕