(ភ្នំពេញ)៖ ដោយសារនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថានភាពនៅលើកំណាត់ផ្លូវលេខ១១០ ត្រង់ចំណុចស្ពានព្រែកអ្នកតាវាំង ស្ថិតក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី មានការបាក់ស្រុតដីនៅគល់ស្ពានផ្នែកខាងជើងឆៀងខាងកើត ដូច្នេះរដ្ឋបាលខណ្ឌច្បារអំពៅក៏ជូនដំណឹងពីការបញ្ចៀសចរាចររថយន្តដឹកទំនិញ រថយន្តធុនធ្ងន់ និងរថយន្តដឹកដី ក្រួស ថ្ម ខ្សាច់គ្រប់ប្រភេទជាបណ្ដោះអាសន្នសិន។

សេចក្ដីជូនដំណឹងបានបន្តថា ស្ថានភាពបាក់ស្រុតដីនៅគល់ស្ពានព្រែកអ្នកតាវាំងបែបនេះ អាចបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុចំពោះរថយន្តដឹកទំនិញ រថយន្តធុនធ្ងន់ និងរថយន្តដឹកដី ក្រួស ថ្ម ខ្សាច់គ្រប់ប្រភេទដែលឆ្លងកាត់ទីតាំងនេះ។ បច្ចុប្បន្ន រដ្ឋបាលខណ្ឌច្បារអំពៅបានសហការជាមួយក្រុមការងារបច្ចេកទេសជំនាញដើម្បីជួសជុលកែលម្អទីតាំងដែលមានការបាក់ស្រុតខាងលើ។

រដ្ឋបាលខណ្ឌច្បារអំពៅក៏បានស្នើសុំឲ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបររថយន្តដឹកទំនិញ រថយន្តធុនធ្ងន់ និងរថយន្តដឹកដី ក្រួស ថ្ម ខ្សាច់គ្រប់ប្រភេទ បញ្ចៀសការធ្វើចរាចរជាបណ្តោះអាសន្ននៅលើកំណាត់ផ្លូវលេខ១១០ ត្រង់ ចំណុចស្ពានព្រែកអ្នកតាវាំង ស្ថិតនៅក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់មានការជូនដំណឹងជាថ្មី៕