(ព្រៃវែង)៖ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គណៈពង្រឹងចុះជួយស្រុកមេសាង ខេត្តព្រៃវែង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ បានរៀបចំពិធីប្រកាសតែងតាំងអនុប្រធានទី១ ទទួលបន្ទុករួម និងអនុប្រធានចុះជួយស្រុកមេសាង ខេត្តព្រៃវែង ដើម្បីបង្កើនការងារសកម្មភាពរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងគោលដៅជួយប្រជាពលរដ្ឋតាមមូលដ្ឋាន កាន់តែខ្លាំងឡើង។
លោក ប៉ាវ ហមផាន ត្រូវបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្ត ហើយតែងតាំងជាអនុប្រធានទី១ទទួលបន្ទុករួម ខណៈលោក ចាន់ គឹមសេង ត្រូវបានប្រកាសតែងតាំងជាអនុប្រធាន។ ពិធីប្រកាសចូលកាន់មុខតំណែង របស់ក្រុមការងារចុះជួយស្រុកមេសាង ខាងលើនេះ បានធ្វើឡើង ក្រោមអធិបតីភាពលោក នុត សាអាន អនុប្រធានក្រុមការងារចុះជួយខេត្តព្រៃវែង និងជាប្រធានក្រុមការងារចុះជួយ ស្រុកមេសាងនាទីស្នាក់ការ គណបក្សស្រុកមេសាង។ នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីលោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង លោក ហេង ហាក់ និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ។ ក្រោយបញ្ចប់កម្មវិធីប្រកាសចូលកាន់មុខតំណែងលោក ប៉ាវ ហមផាន បានបន្តដឹកនាំប្រតិភូអមដំណើរ ចុះចែកមូលនិធិ «សម្តេច ស ខេង» ចំនួន៣០គ្រួសារ នៅឃុំព្រៃរំដេង ស្រុកមេសាង ដោយក្នុងមួយគ្រួសារទទួលបានថវិកា២០ម៉ឺនរៀល។ ក្នុងនាមសម្តេចក្រឡាហោម ស ខេង លោកអនុប្រធានទី១ ចុះជួយស្រុកមេសាង បានផ្តាំផ្ញើការសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ចំពោះសមាជិកគ្រួសារបងប្អូន ប្រជាពលរដ្ឋរស់នៅឃុំព្រៃរំដេង ដែលបានទទួលមរណភាព ក៏ដូចជាបានផ្តាំផ្ញើសេចក្តីនឹករឮក ដល់គ្រួសារស្ត្រី ដែលទើបសម្រាលកូនហើយ មេត្តាយកចិត្តទុកដាក់ចំពោះសុខភាពបុត្រធីតា យកចិត្តទុកដាក់ថែរក្សាអនាម័យក្នុងផ្ទះ និងទៅចាក់វ៉ាក់សាំងឲ្យបានទៀងទាត់តាមការកំណត់៕