(ប៉ៃលិន)៖ ដោយមានការចង្អុលដឹកនាំពីលោកស្រី បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ លោកី ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា និងលោក សៅ សារ៉ាត់ អនុប្រធានគណៈកម្មាធិការសាខា បានដឹកនាំក្រុមប្រតិបត្តិសាខាគណៈកម្មាធិការអនុសាខាស្រុកសាលាក្រៅ យុវជនកាកបាទក្រហមកម្ពុជាសាខា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាសាខា និងមានការចូលរួម សហការពីមន្ទីរសុខាភិបាល អាជ្ញាធរមូលដ្ឋានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយទប់ស្កាត់បង្ការនៃការរីករាលដាលជំងឺគ្រុនឈាម ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះដោយដាក់អាបែតតាមពាងទឹក និងចាក់សម្លេងតាមឧឃោសនស័ព្ទ នៅក្នុងភូមិទឹកចេញ និងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ជាលទ្ធផលក្រុមការងារចែកជូនបាន ៣៤៥ខ្នងផ្ទះ ដាក់អាបែតតាមពាងទឹកចំនួន១,២០៩ ចែកប័ណ្ណផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម ចំនួន៣៥០សន្លឹក សាប៊ូ ៥កេស និងជែលលាងដៃចំនួន៦កេស បានណែនាំលើកទឹកចិត្តឱ្យ ប្រជាពលរដ្ឋ មានការយល់ដឹងអំពីការថែទាំសុខភាពក្នុងរដូវវស្សា ដោយរស់នៅស្អាតមានអនាម័យឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ សម្អាតបរិវេណជុំវិញផ្ទះ ប្រមូលសំបកកំប៉ុង ឬរបស់ដក់ទឹកយកទៅកប់ចោល ដើម្បីកម្ចេចជំរកមូសខ្លាញី និងគេងក្នុងមុងជ្រលក់ថ្នាំ ហើយបើមានអាការៈ ក្តៅខ្លួនចាប់ពី៣៩ ទៅ៤០អង្សារសេ អមដោយរោគសញ្ញាផ្សេងៗទៀតដូចជា៖ ខ្សោយសរីរាង្គ អស់កម្លាំង មុខក្រហម ឈឺក្បាល ក្អួតចង្អោរ ឈឺពោះ ឈឺសាច់ដុំ ឈឺសន្លាក់ដៃ-ជើង ស្នាមអុចៗក្រហមលើស្បែក សូមបងប្អូនប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលស្ថិតនៅជិតផ្ទះបងប្អូនជាបន្ទាន់។
លោកស្រី ពៅ សុខ ក៏បានប្រាប់ឱ្យប្រជាពលរដ្ឋទាំងអស់ប្រឹងប្រែងធ្វើអនាម័យ សំអាតក្នុងបរិវេណលំនៅដ្ឋានរបស់ខ្លួន ពិសេសលុបបំបាត់ឱ្យអស់នូវសម្ភារនានា ដែលជាប្រភពនៃជម្រកមូសខ្លា។
ជាមួយគ្នានេះ លោកស្រីបានបន្តថា មូសខ្លា គឺជាភ្នាក់ងារចម្លងដ៏មានប្រសិទ្ធិភាពនៃជំងឺគ្រុនឈាម វាអាចសម្លាប់កុមារតូចៗក្នុងរយៈពេលដ៏ខ្លី ប្រសិនជាមាតាបិតារបស់កុមារមានការធ្វេសប្រហែស ឬមិនបានយកចិត្តទុកដាក់នាំទៅឱ្យក្រុមគ្រូពេទ្យព្យាបាលទាន់ពេលវេលា ហើយបច្ចុប្បន្នជំងឺនេះក៏បានចម្លងទៅកាន់មនុស្សចាស់ផងដែរ។
បើតាមលោក សៅ សារ៉ាត់ ក៏បានលើកឡើងផងដែរថា វិស័យសុខាភិបាល ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញជាគោលដៅអភិវឌ្ឍន៍ជាតិក្នុងការកាត់បន្ថយ មរណភាពរបស់កុមារអាយុក្រោម៥ឆ្នាំ ការលើកកម្ពស់សុខភាពមាតា និងការប្រយុទ្ធនឹងជំងឺអេដស៍ របេង គ្រុនចាញ់ គ្រុនឈាម ជំងឺឆ្លងដទៃទៀត បញ្ហាសុខភាពសាធារណៈ និងគ្រោះមហន្តរាយ។
លោកបានសំដែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារដែលបានបង់នូវកូនជាទីស្រឡាញ់ដោយសារជំងឺគ្រុនឈាមដ៏កាចសាហាវមួយនេះ។
ទន្ទឹមជាមួយការចូលរួមរំលែកទុក្ខនោះលោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានកូនតូចៗ ត្រូវស្លៀកពាក់ខោអាវដែលវែងដើម្បីបិទរាង្គកាយឱ្យជិតដល់ពួកគេ សំអាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មិនត្រូវទុកស្មៅឱ្យដុះ នៅឧបទ្រព ឬបោះចោលនូវសំបកដូង សំបកកង់ឡានម៉ូតូដែលជាជម្រកពងកូនរបស់មូសខ្លានៅជុំវិញផ្ទះនោះទេព្រោះសត្វនេះចូលចិត្តរស់នៅកន្លែងដែលមានទឹកដក់ពិសេស គឺទឹកដក់ហើយថ្លា មួយវិញទៀតចំពោះពាងទឹក គឺត្រូវតែដាក់ថ្នាំអាបែតជាប្រចាំ ព្រោះពាងទឹកក៏ជាប្រភពជ្រកកោន និងពងកូននៃមូសខ្លាផងដែរ។ ការលុបបំបាត់របស់ទាំងអស់ខាងលើ និងមានបរិស្ថានស្អាត គឺមានន័យថាយើងមានសុវត្ថិភាព និងគេចផុតពីជំងឺគ្រុនឈាមដ៏កាចសាហាវនោះហើយ៕