(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីបោសសម្អាតមីន (ស៊ីម៉ាក) ភាគខាងត្បូង នៅស្រុកកំពង់សីលា ដោយមានការចូលរួមពីអាជ្ញាធរស្រុក មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។
តាមរបាយការណ៍របស់អង្គភាពបោសសម្អាតមីនភាគខាងត្បូង បានឲ្យដឹងថា ដំណើរការបាសសម្អាតមីនប្រកបដោយជោគជ័យ ដោយសារមានការគាំទ្រគម្រោងថវិកាពីរដ្ឋាភិបាលចិន។ ក្រុមការងារបោសសម្អាតមីន ដែលប្រតិបត្តិការក្នុងខេត្តព្រះសីហនុ មានចំនួន៥ក្រុម មានបុគ្គលិកសរុប៣៦នាក់ ក្នុងនោះស្រី៤នាក់ ដែលបានចាប់ផ្ដើមប្រតិបត្តិការបោសសម្អាតមីនចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នឹងបញ្ចប់ការបោះសម្អាតមីនទាំងស្រុង នៅត្រឹមដំណាច់ខែកក្កដាឆ្នាំ២០២២ខាងមុខ។
អង្គភាពបោសសម្អាតមីនភាគខាងត្បូង សម្រេចបានការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះលើផ្ទៃដី ចំនួន១,៧៣៧,០១៣ម៉ែត្រការ៉េ ស្មើនឹង១៧៣ហិកតា រកឃើញ និងកម្ទេចចោលគ្រាប់មីនបានចំនួន៣៤គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៩៣គ្រាប់។ ទន្ទឹមនោះក្នុងការបោសសម្អាតមីន ក្រុមការងារបានជួបឧបសគ្គអាកាសធាតុភ្លៀង ខ្យល់ ស្ទើរតែរាល់ថ្ងៃ ចំការមីនភាគច្រើនជាតំបន់ភ្នំ ហើយនៅឆ្ងាយពីផ្លូវ មិនអាចចូលទៅដល់ ចំការមីនខ្លះធ្វើដំណើរដោយថ្មើរជើងជាច្រើនគីឡូម៉ែត្រទៀតផង។
ថ្លែងក្នុងឱកាសនោះ លោក គួច ចំរើន បាននាំនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបុគ្គលិកស៊ីម៉ាកទាំង៥ក្រុម ដែលបានដឹកនាំបំពេញការងារក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។
ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ បុគ្គលិកស៊ីម៉ាក ដែលបានចំណាយពេល៤ខែ នៅក្នុងខេត្តព្រះសីហនុ ទោះបីជួបស្ថានភាព និងបញ្ហាប្រឈមក្នុងភូមិសាស្ត្រដូចជាអាកាសធាតុ ភ្លៀង ខ្យល់ ក៏ប៉ុន្តែក្រុមការងារបានខិតខំជម្នះនូវរាល់ឧបសគ្គទទួលបានលទ្ធផលល្អ។ ក្នុងស្មារតីយកចិត្តទុកដាក់រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងវិស័យមីននៅកម្ពុជា ពិសេសវិស័យមីននៅខេត្តព្រះសីហនុ អត្ថប្រយោជន៍ដែលយើងទទួលបាន គឺបានរំដោះផ្ទៃដីស្រែចំការដែលមានការគំរាមកំហែង និងជាឧបសគ្គដល់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍។
លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា ផ្ទៃដីដែលបានបោសសម្អាតមីន និងយុទ្ធភ័ណ្ឌរួចនេះ ជួយបង្កើនសេដ្ឋកិច្ចសង្គម ហើយអ្នកទេសចរលែងមានភាពភ័យខ្លាចពីគ្រាប់មីនទៀត។ ហើយប្រជាពលរដ្ឋ និងអ្នកទេសចរអាចដើរចូលព្រៃ ឡើងភ្នំ ក៏ដូចជាការទាក់ទាញអ្នកវិនិយោគ នៅលើទឹកដីសុវណ្ណភូមិរបស់យើង អាចបង្កើនការងារសម្រាប់យុវជនរបស់យើងនាពេលខាងមុខ។
បេសកកម្មបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គឺជាការចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គមថែមទៀត។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ដោះស្រាយវិស័យមីន លុបបំបាត់គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបានបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងដំណើរការសេដ្ឋកិច្ចសង្គម។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភជូនបុគ្គលិកស៊ីម៉ាក មានដូចជា៖ អង្ករ៥បាវ, ទឹកសុទ្ធ២០កេស, មី១០កេស, ត្រីខកំប៉ុង១០យួរ, ស្រាបៀរ២០កេស និងថវិកា២លានរៀល និងជូនបុគ្គលិកស៊ីម៉ាកទាំង៣៦នាក់ ក្នុងម្នាក់ៗថវិកា២០ម៉ឺនរៀល៕