ក្ដៅចិត្តបាញ់គេខុស មកផ្ទះវិញបាញ់សម្លាប់ខ្លួនឯង
25-05-2016 18:23
(រតនគិរី)៖ បុរសឈាមរាវម្នាក់ស្ពាយកាំភ្លើងកែច្នៃមួយដើម ដើរតម្រង់ទៅបាញ់សម្លាប់ស្ត្រីម្នាក់ តែសំណាងល្អជនរងគ្រោះបានរត់គេចរួចជីវិត ដោយក្ដៅចិត្តខឹងខ្លាំងពេក លុះត្រឡប់មកដល់ផ្ទះវិញ ជនដៃដល់បែរជាបាញ់សម្លាប់ខ្លួនឯងទៅវិញ។ ហេតុការណ៍ ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩៖៣០នាទី នៅចំណុចភូមិ៣ ឃុំត្រពាំងច្រិះ ស្រុកកូនមុំ ខេត្តរតនគិរី។
នគរបាលស្រុកកូនមុំ បានប្រាប់ឲ្យដឹងថា «ជនដៃដល់មានឈ្មោះ ជឿន សារិន អាយុ៣៥ឆ្នាំ មុខរបរកសិករ មានទីលំនៅកន្លែងកើតហេតុខាងលើ ក្រោយពីត្រឡប់មកផ្ទះវិញ បានបាញ់ខ្លួនឯងចំសៀតផ្កា មួយគ្រាប់ បណ្ដាលឱ្យស្លាប់ភ្លាមៗ តែម្តង ចំណែកឯស្ត្រីរងគ្រោះមានឈ្មោះ ស៊ុន ចាន់ធូ អាយុ៣៣ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើដូចគ្នា បានរងរបួសស្រាល ដោយសារតែខំរត់គេចពីគ្រាប់កាំភ្លើង»។ បន្ទាប់កើតហេតុរួច នគរបាលជំនាញ បានធ្វើការស្រាវជ្រាវ ធ្វើកំណត់ហេតុ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ហើយបានប្រគល់សពជនដៃដល់ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕