(ភ្នំពេញ)៖ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌបឹងកេងកង បានចូលរួមជាអធិបតីក្នុងនាមតំណាងលោក អ៉ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌបឹងកេងកង និងខណ្ឌចំការមន ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមការងារគណបក្សខណ្ឌចំការមន និងខណ្ឌបឹងកេងកង សរុបចំនួន១,៥៧៥នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។

លោក ហេង សួរ បានពាំនាំនូវការសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់លោក អ៉ិត សំហេង ជូនដល់ក្រុមការងារគណបក្សខណ្ឌចំការមននិងខណ្ឌបឹងកេងកងគ្រប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ទទួលបានជ័យជម្នះជូនគណបក្ស និងចុះថ្លែងអំណរគុណដល់អ្នកបោះឆ្នោតទាំងអស់នៅតាមមូលដ្ឋានរបស់ខ្លួនប្រកបដោយមោទកភាព។

លោក ហេង សួរ បានលើកឡើងថា ជ័យជម្នះយ៉ាងត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាបានសបញ្ជាក់ពីការបន្តគោរព ស្រលាញ់ គាំទ្រ និងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលអាចវាយតម្លៃបានថាប្រជាពលរដ្ឋបានប្រើប្រាស់សិទ្ធិរបស់ខ្លួន មិនចាញ់បោកការឃោសនាភូតកុហករបស់ជនអគិតមួយចំនួន ទោះបីជាក្រុមទាំងនោះប្រើប្រាស់នូវមធ្យោបាយទុច្ចរិត និងឃោសនាពិសពុលយ៉ាងណាក៏ដោយ។

សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងអាណត្តិទី៥នេះដែរ លោកក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការរៀបចំការបោះឆ្នោតនេះ ពិសេសរៀបចំរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ចាប់ពីពេលចាប់ផ្តើម រហូតដល់ការបោះឆ្នោតចប់សព្វគ្រប់ ប្រព្រឹត្តទៅដោយត្រឹមត្រូវ សេរី យុត្តិធម៌ គ្មានការប្រើអំពើហិង្សា និងគំរាមកំហែងណាមួយកើតឡើងនោះទេ។

លោកបានបន្ថែមថា កត្តាដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះនេះ ពិតជាមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែកដ៏ធំធេងពីសំណាក់ក្រុមការងារគ្រប់ជាន់ថ្នាក់របស់គណបក្ស ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ ទើបទទួលបានលទ្ធផលដ៏គាប់ប្រសើរបែបនេះ។

លោកក៏បានបញ្ជាក់លម្អិតបន្ថែមអំពីខ្លឹមសារនៃលទ្ធផលសន្និបាត និងចំណុចសំខាន់ៗមួយចំនួនទៀតដែលជាទិសដៅអាទិភាពពាក់ព័ន្ធទៅនឹងក្របខណ្ឌរបស់គណបក្ស ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ។ ព្រមទាំងបានលើកពីតួនាទីរបស់យុវជន ចាត់ទុកជាកម្លាំងស្នូលមួយក្នុងការចូលរួមរបស់គណបក្សនៅគ្រប់ទីកន្លែង៕