(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម និងលោកស្រី ទេព រង្ស៉ី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន បាននាំយកនូវទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទាន និង បច្ច័យ យកទៅប្រគេនដល់បណ្តាវត្តចំនួន ៥ ក្នុងឃុំកោះសូទិន ខេត្តកំពង់ចាម។
ពិធីប្រគេនទៀនវស្សានេះធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២ នៅវត្តសិរីមង្គលក្បាលកោះ ស្ថិតក្នុងភូមិទី៣ ឃុំកោះសូទិន ខេត្តកំពង់ចាម ដើម្បីត្រៀមបម្រុងចង្ហាន់ ទៀន ឬប្រេងវស្សា សម្រាប់ព្រះសង្ឃ ដូនជី ប្រតិបត្តិធម៌ និងសមាទានសីល៍ តាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា។
គួរបញ្ចាក់ដែរថា សម្រាប់ពិធីបុណ្យចូល ព្រះវស្សា នាឱកាសឆ្នាំនេះ លោក ខៀវ កាញារីទ្ធ ជាមួយក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកោះសូទិន ក៏ដូចជាក្រុមការងារចុះមូលដ្ឋានឃុំទាំង៨ ទូទាំងស្រុក បាននាំយកនូវទៀនវស្សា ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់គ្រប់វត្តទាំង២៧ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ក្នុងរដូវកាលចូលព្រះវស្សារយៈពេល ៣ខែ ដើម្បីរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ដែលគង់នៅតែក្នុងវត្ត រៀនសូត្រធម៌ វិន័យផ្សេងៗក្នុងរយៈពេល ៣ ខែ នៃការចូលកាន់ព្រះវស្សានេះ។
ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យ យ៉ាងខ្ជាប់ខ្លួន តាមពុទ្ធឱវាទ។ អ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេន ព្រះសង្ឃ តាមលទ្ធភាព។
សម្រាប់វត្តអារាមនីមួយៗក្នុងរយៈពេល៣ខែ ក្នុងរដូវធ្លាក់ភ្លៀង មិនអនុញ្ញាតឲ្យនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្ដែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញ ក្នុងរយៈពេល ៧ថ្ងៃ។ បុណ្យចូលព្រះវស្សាប្រារព្ធធ្វើឡើងជារៀង រាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។
នៅក្នុងឱកាសនេះដែរ លោក ខៀវ កាញារីទ្ធ បាននាំយកនូវបាល់ទាត់ ប្រគល់ជូនដល់ក្រុមកីឡាបាល់ទាត់ យុវជនឃុំកោះសូទិន ចំនួន ២ក្រុម ទុកសម្រាប់ហាត់លេង បង្កើនសមត្ថភាព និងរិតចំណងមិត្តភាព កិច្ចសហការគ្នាឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ។
ដោយឡែកនៅព្រឹកថ្ងៃដដែល លោក ខៀវ កាញារីទ្ធ បានអញ្ជើញទៅសួរសុខទុក្ខ និងជូនថវិកាដល់ លោក ម៉ៅ ណែត សមាជិកក្រុមប្រឹក្សា ខេត្តកំពង់ចាម ដែលមានជំងឺប្រចាំកាយ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម៕