(ភ្នំពេញ)៖ ក្នុងនាមជាកុងស៊ុលកិត្តិយសរបស់កម្ពុជាប្រចាំទីក្រុងសេនដាយ ប្រទេសជប៉ុន បានធ្វើឱ្យលោក ថៃ ស៊ុស៊ុមុ បានប្រាស្រ័យទាក់ទង និងជួយសម្របសម្រួលលើការងារជាច្រើន ដើម្បីបើកផ្លូវឱ្យអ្នកវិនិយោគជប៉ុន ចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ក្នុងបទសម្ភាសន៍ជាមួយ Fresh News លោក ថៃ ស៊ុស៊ុមុ បានបង្ហាញការកត់សម្គាល់របស់លោកថា ចាប់តាំងពីកម្ពុជាបើកស្ថានកុងស៊ុលនៅទីក្រុងសេនដាយ ក្នុងឆ្នាំ២០១៩ គឺមានអ្នកវិនិយោគជប៉ុន ចាប់អារម្មណ៍វិនិយោគនៅកម្ពុជាច្រើនណាស់។
កុងស៊ុលកិត្តិយសជាជនជាតិជប៉ុនរូបនេះ បានគូសបញ្ជាក់ថា «បើប្រៀបធៀបរយៈពេលថ្មីៗនេះ នៅពេលប្រទេសកម្ពុជា និងជប៉ុន បានបើកប្រទេសឡើងវិញរៀងខ្លួន ក៏មានអ្នកវិនិយោគជប៉ុនថ្មីៗ បានមកទំនាក់ទំនងខ្ញុំ ដើម្បីសួរយោបល់ពីឱកាសវិនិយោគនៅកម្ពុជា»។
បើតាមលោក ថៃ ស៊ុស៊ុមុ បានអះអាងថា ក្រុមហ៊ុនដែលបានទាក់ទងរូបលោក ដើម្បីវិនិយោគនៅកម្ពុជានោះ មានដូចជាក្រុមហ៊ុនផ្នែកកសិកម្ម សុខាភិបាល និងការនាំពលករទៅបម្រើការងារនៅប្រទេសជប៉ុនជាដើម។
លោក ថៃ ស៊ុស៊ុមុ បានអះអាងថា ពេលនេះកម្ពុជាកំពុងរៀបចំបង្កើតសាខាសភាពាណិជ្ជកម្មនៅទីក្រុងសេនដាយ ដើម្បីផ្តល់ការប្រឹក្សាយោបល់ និងព័ត៌មានផ្សេងៗពាក់ព័ន្ធការវិនិយោគនៅកម្ពុជា។ លោក ថៃ ស៊ុស៊ុមុ រំពឹងថា តាមរយៈសាខាសភាពាំណិជ្ជកម្មនេះ នឹងរួមចំណែកទាក់ទងអ្នកវិនិយោគជប៉ុនកាន់តែច្រើនថែមទៀតមកកាន់ប្រទេសកម្ពុជា។
លោក ថៃ ស៊ុស៊ុមុ បានបញ្ជាក់ដូច្នេះ «ឥឡូវនេះមានច្រើនណាស់ គេកំពុងតែចាប់អារម្មណ៍ ចាំឱកាសដែលយើងបើកសម្ពោធជាផ្លូវការ នោះគេនឹងមកចូលរួមជាសមាជិករបស់តំណាងសាខាសភាពាណិជ្ជកម្មរបស់យើងនៅប្រទេសជប៉ុន។យើងរំពឹងថា នឹងមានអ្នកវិនិយោគជប៉ុនកាន់តែច្រើនឡើង តាមរយៈការបើកការិយាល័យតំណាងសាខាសភាពាណិជ្ជកម្មរបស់យើងនៅប្រទេសជប៉ុន»។
ពាក់ព័ន្ធមូលហេតុ និងកត្តាដែលនាំឱ្យអ្នកវិនិយោគជប៉ុនកាន់តែច្រើនចាប់អារម្មណ៍វិនិយោគនៅកម្ពុជា បុរសជនជាតិជប៉ុនរូបនេះ បានបង្ហាញនូវកត្តាចំនួន៤។ កត្តាទាំង៤នោះរួមមាន៖ សុខសន្តិភាព និងស្ថេរភាពនយោបាយ, ជាប្រទេសមានសេដ្ឋកិច្ចលូតលាស់ថ្មីនៅអាស៊ាន, មានកម្លាំងពលកម្មវ័យក្មេងច្រើន និងទំនាក់ទំនងល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
លោក ថៃ ស៊ុស៊ុមុ បានបញ្ជាក់លំអិតបែបនេះថា៖
ចំណុចទី១៖ ខ្ញុំថា ដោយសារមានការដឹកនាំដ៏វៃឆ្លាតរបស់សម្តេចតេជោ ដែលលោកបង្កើតស្ថេរភាព សុវត្ថិភាពដល់ប្រជាជនកម្ពុជា។ មួយវិញទៀត យើងមានស្ថេរភាពនយោបាយល្អ ចំណុចនេះហើយ ដែលទាក់ទាញឱ្យវិនិយោគិន ក្រឡេកមើលឱកាសវិនិយោគនៅកម្ពុជា ដោយសារប្រទេសយើងមានសន្តិភាព ហើយយើងអត់មានសង្គ្រាមដូចប្រទេសគេទេ។
ដូច្នេះចំណុចទី១ ដែលសំខាន់ហ្នឹង គឹយើងមានសន្តិភាពល្អ យើងរក្សាសុវត្ថិភាពឱ្យអ្នកវិនិយោគ គេសម្លឹងឃើញឱកាសនេះ។ អ៊ីចឹងចំណុចនេះ ខ្ញុំគិតថា សំខាន់ជាងគេ។
ចំណុចទី២៖ ប្រទេសយើង ជាប្រទេសដែលសេដ្ឋកិច្ចកំពុងលូតលាស់នៅក្នុងអាស៊ាន។ ជាប្រទេសចាប់ផ្តើមលូតលាស់ថ្មីផ្នែកសេដ្ឋកិច្ចលេចធ្លោរជាងគេក្នុងអាស៊ាន។ អាចថា កំណើនសេដ្ឋកិច្ចរបស់យើងលូតលាស់ខ្ពស់ជាងបណ្តាប្រទេសមួយចំនួនក្នុងអាស៊ាន។
ចំណុចទី៣៖ ប្រទេសកម្ពុជាយើងពោរពេញដោយយុវជនវ័យក្មេង មានកម្លាំងពលំ ទាំងកម្លាំងប្រាជ្ញា ទាំងកម្លាំងកាយ ជាពិសេសយុវជនរបស់យើង បានដើរទាន់យុគ្គសម័យបច្ចេកវិទ្យាថ្មី ដូចជាសម័យ AI ឬតិចណូឡូជីជាដើម។ ចំណេះដឹងក៏មាន កម្លាំងពលំក៏មានទៀត ដូច្នេះជាចំណុចទាក់ទាញអ្នកវិនិយោគជប៉ុនដែរ។
ចំណុចទី៤៖ ខ្ញុំគិតថា ទំនាក់ទំនងល្អរវាងរដ្ឋាភិបាលទាំងពីរ។ ទំនាក់ទំនងល្អរវាងរដ្ឋាភិបាលទាំងពីរនេះហើយ ដែលធ្វើឱ្យប្រជាជនប្រទេសទាំងពីរមានទំនាក់ទំនងគ្នាល្អដែរ។ ជាពិសេសយើងឃើញហើយថា ប្រជាជនជប៉ុន និងប្រជាជនកម្ពុជា មិនដែលមានទំនាស់អ្វីនឹងគ្នាទេ គឺយើងស្រឡាញ់គ្នា រាប់អានគ្នា ជាមិត្តភាពនឹងគ្នាយូរអង្វែងជាំងប្រទេសណាៗទាំងអស់។
យោងតាមរបាយការណ៍បានបង្ហាញថា ក្នុងឆ្នាំ២០២១ កន្លងទៅ កម្ពុជា និងជប៉ុន មានទំហំពាណិជ្ជកម្មសរុបជាង ១,៧០០លានដុល្លារអាមេរិក។ កម្ពុជា នាំទៅជប៉ុនមានជាង ១ពាន់លានដុល្លារ ហើយកម្ពុជា នាំពីជប៉ុនវិញ មានជាង ៦០០លានដុល្លារ។
ទំនិញដែលកម្ពុជាចេញទៅជប៉ុនមានដូចជាសម្លៀកបំពាក់ ស្បែកជើង គ្រឿងសង្ហារឹម គ្រឿងសម្អាង ក្រដាស សម្ភារការិយាល័យ ស្បែកសត្វ សត្វពាហនៈ លោហធាតុជាដើម។ ដោយឡែកទំនិញដែលកម្ពុជានាំមកពីជប៉ុនវិញមានដូចជា៖ គ្រឿងម៉ាស៊ីន រថយន្ត សាច់សត្វ គ្រឿងអគ្គិសនី គ្រឿងសង្ហារឹម ក្រដាស កប្បាស ក្រណាត់គ្រប់ប្រភេទ ផលិតផលធ្វើពីប្លាស្ទិច សម្ភារកីឡា គ្រឿងបន្លាស់គ្រប់ប្រភេទជាដើម។
ដោយឡែកការវិនិយោគវិញ គិតពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២០ គម្រោងវិនិយោគរបស់ជប៉ុននៅកម្ពុជាមានចំនួន ១៤៤គម្រោង មានទុនសរុបជាង ២.៧ពាន់លានដុល្លារអាមេរិក៕