(វៀតណាម)៖ លោក ថុក សុខុម អនុរដ្ឋលេខាធិការ និងជាតំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ បានដឹកនាំរៀបចំកម្មវិធីផ្សព្វផ្សាយ បង្ហាញផ្លូវទេសចរណ៍កម្ពុជា ក្រោមយុទ្ធនាការទស្សនាកម្ពុជាបន្ទាប់ ដែលជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង (Cambodian Tourism Roadshow – Visit Cambodia NEXT as a Safe, Warm, Clean and Green Tourism Destination) នៅទីក្រុងកាន់ធើ សាធារណរដ្ឋសង្គមនិយមវៀតណាម។
កម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវទេសចរណ៍កម្ពុជានេះ បានរៀបចំឡើងនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ដោយមានការចូលរួមពី ហា វ៉ាន់ សៀវ អនុប្រធានរដ្ឋបាលជាតិ ទេសចរណ៍វៀតណាមនៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងមានការចូលរួមធ្វើបទបង្ហាញរបស់វាគ្មិនសំខាន់ៗដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ (ZOOM) រួមមាន៖ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងមកពីក្រសួងពាណិជ្ជកម្ម ប្រធានសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិកកម្ពុជា តំណាងសមាគមសណ្ឋាគារកម្ពុជា តំណាងសមាគមទេសចរណ៍កម្ពុជា តំណាងសហព័ន្ធទេសចរណ៍កម្ពុជា។
ការចុះផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជានេះដែរ ក៏ជាអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី នាឱកាសបើកវេទិកាទេសចរណ៍ អាស៊ាន ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ និងស្របតាមស្មារតីនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដែលបានជំរុញឱ្យប្រទេសសមាជិកអាស៊ាន ពិចារណាក្នុងការបើកវិស័យ ទេសចរណ៍ ដោយផ្តើមពីចលនាទេសចរផ្ទៃក្នុង អាស៊ាន (Intra-ASEAN Travelers) និងស្របតាម ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យ ទេសចរណ៍កម្ពុជា ក្នុងនិងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាផែនការយុទ្ធសាស្រ្ត បើកទទួលទេសចរវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
លើកឡើងនាឱកាសនោះលោក ថុក សុខុម បានបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវទេសចរណ៍កម្ពុជា «Cambodian Tourism Roadshow» ក្រោមយុទ្ធនាការ ទស្សនាកម្ពុជាបន្ទាប់ ដែលជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតងនេះ គឺសំដៅអបអរសាទរខួបលើកទី៥៥ នៃចំណងមិត្តភាព កម្ពុជា-វៀតណាម និងជំរុញការផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍កម្ពុជា ពង្រឹងទំនាក់ទំនង និងកិច្ចសហការល្អរវាងផ្នែកឯកជនកម្ពុជា-វៀតណាម។
ជាមួយគ្នានោះក៏ដើម្បីជាការបង្កើនការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជា លើទីផ្សារលំដាប់លេខរៀងទី១របស់កម្ពុជា រួមជាមួយការផ្សព្វផ្សាយ ការបើកឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជា សម្រាប់ទេសចរបរទេសចូលមកកម្ពុជាតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ព្រមទាំងជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (32nd SEA Games 2023) អាស៊ានប៉ារ៉ាហ្គេម (12th ASEAN Para Games) និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី១២ ឆ្នាំ២០២៩ (Asian Youth Games 2029) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផងដែរ។
សូមបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយនេះទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីរដ្ឋបាលខេត្តកាន់ធើ និងក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍នៃប្រទេសវៀតណាម ហើយភ្នាក់ងារ ទេសចរណ៍ឥណ្ឌូនេស៊ី នឹងជំរុញកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយក្រុមហ៊ុន Cambodia Angkor Air ក្នុងការជំរុញការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងកាន់ធើ ទៅកាន់កម្ពុជា។
តាមរយៈកម្មវិធីនេះក្រសួងទេសចរណ៍មានការរំពឹងថា កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនវៀតណាម ឱ្យមកទស្សនាប្រទេសកម្ពុជា «កម្ពុជា - ព្រះរាជាណាចក្រអច្ឆរិយៈ សុវត្ថិភាព និងភាពកក់ក្តៅ» កាន់តែច្រើនឡើងនៅឆ្នាំ២០២២-២០២៣ ដែលជាដំណាក់កាលស្តារឡើងវិញនៃវិស័យទេសចរណ៍ផងដែរ៕