(ស្ទឹងត្រែង)៖ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ បានបន្តរៀបចំពិធីប្រកាសតំបន់វិនិច្ឆ័យ ដើម្បីចុះបញ្ជីដីជាលក្ខណៈជាប្រព័ន្ធ ក្នុងភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋជាច្រើននាក់។
បើតាមការបញ្ជាក់ពីលោក ទេព ឌីលី អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា «ការប្រកាសតំបន់វិនិច្ឆ័យ ដើម្បីចុះបញ្ជីដីជាលក្ខណៈជាប្រព័ន្ធ គឺដើម្បីជូនដំណឹងម្ចាស់ក្បាលដីទាំងអស់ត្រូវត្រៀមលក្ខណៈ ក្នុងការរៀបចំឯកសារការចុះបញ្ជីដី មានលក្ខណៈជាប្រព័ន្ធ ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ដែលជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗ ដែលស្របទៅនឹងច្បាប់»។
ក្នុងឱកាសនោះដែរ លោក ស្វាយ សំអ៊ាង បានកោតសសើរដល់មន្រ្តីជំនាញ និងថ្នាក់ដឹកនាំ នៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនាពេលកន្លងមក។
លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ការចូលរួមក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យ ដើម្បីចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធ របស់ប្រជាពលរដ្ឋនាពេលនេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្រោមការគ្រប់គ្រងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាមួយអាជ្ញាធរខេត្ត អាជ្ញាក្រុង ឃុំសង្កាត់ ក្នុងការអនុវត្តន៍ទៅលើវិស័យដីធ្លី និងបញ្ចៀសការកើតមាននូវវិវាទដីធ្លីជាដើម។
ក្នុងនោះដែរ លោក ស្វាយ សំអ៊ាង បានជំរុញដល់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ឱ្យបន្តខិតខំចុះបញ្ជីក្បាលដីលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋតាមក្រុង-ស្រុក ឃុំ-សង្តាត់នានា ក្នុងខេត្តស្ទឹងត្រែង ឱ្យបាន១ម៉ឺនប័ណ្ណក្បាលដី ក្នុងមួយឆ្នាំ និងជំរុញដល់អាជ្ញាធរមូលដ្ឋានឃុំ សង្កាត់ ត្រូវធ្វើយ៉ាងឱ្យមានកិច្ចងាយស្រួលដល់ដំណើរការកិច្ចការចុះបញ្ជីដីជាលក្ខណៈជាប្រព័ន្ធត្រូវប្រតិបត្តិដោយកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន ជាមួយមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត និងជាមួយប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋដែលមានដីស្រែ ដីចំការ ដីលំនៅដ្ឋាន និងផ្ទៃដីសាង់សង់ទាំងអស់ ដែលមានក្បាលដីស្ថិតក្នុងតំបន់វិច្ឆ័យចុះបញ្ជីដីជាលក្ខណះជាប្រព័ន្ធ ត្រូវចូលរួមសហការជាមួយមន្រ្តីជំនាញសូរិយោដីនៃក្រុមការងារដីធ្លីនៅក្បាលដីរបស់ខ្លួន។
ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានបន្តចូលប្រគេនទៀនព្រះវស្សា នៅវត្តជ័យមង្គល រួមជាមួយបច្ច័យកសាងវត្តចំនួន ៤៥០,០០០រៀល និង២០០ដុល្លារផងដែរ៕