(បាត់ដំបង)៖ បើយោងតាមរបាយការណ៍ស្តីពី ស្ថានភាពពលករតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ប្រចាំថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តបានបង្ហាញឱ្យដឹងថា ក្នុងរយៈពេល០៧ខែ ដោយចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២២ មានពលករខ្មែរត្រឡប់ពីប្រទេសថៃ មកស្រុកកំណើតវិញសរុប៤១,៥០៩ម៉ឺននាក់ ក្នុងស្រុកចំនួន២ ជាប់ព្រំដែនកម្ពុជា-ថៃ នៃខេត្តបាត់ដំបង និងខេត្តច័ន្ទបូរី។

តាមសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងស្រុកចំនួន២ នៅជាប់ព្រំដែនប្រទេសថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានធ្វើចំណាកស្រុកជាបន្តបន្ទាប់ទាំងខុសច្បាប់ និងមួយចំនួនមានច្បាប់រាប់មុឺននាក់នេះ បើគិតចាប់ពីដើមខែ០១ រហូតដល់ខែ០៧ ខែកក្កដានេះ។

របាយការណ៍បានគូសបញ្ជាក់ថា៖ «ក្នុងរយៈពេល០៧ខែ ដោយចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២២ មានពលករខ្មែរដែលមានលំនៅឋានក្នុងស្រុកចំនួន២ជាប់ព្រំដែនថៃមានជាង៤មុឺននាក់ បានត្រឡប់ចូលមកស្រុកកំណើតដើម្បីប្រកបរបរនៅស្រុកកំណើតវិញ»

របាយការណ៍ដដែល បានបញ្ជាក់ថា មានពលករចូលសរុបរួម ៤១,៥០៩នាក់ ស្រី១៨,៧៥៨នាក់ ក្មេង៥,៣៥៩នាក់ ស្រី២,២២៣នាក់ ក្នុងនោះមាន៖ ស្រុកកំរៀង មានពលករចូលចំនួន ៤១,៤៤៦នាក់ ស្រី ១៨,៧៣៤នាក់ក្មេង ៥,៣៥៧នាក់ ស្រី ចំនួន ២,២២៣នាក់ និងស្រុកភ្នំព្រឹក មានពលករចូលចំនួនសរុប ៤៣នាក់ ស្រី ២៤នាក់ ក្មេង០២នាក់ ស្រី០នាក់។

ប្រធានមន្ទីរ ក៏បានបញ្ជាក់ផងដែរថា ចំពោះពលករចំណាកស្រុកចេញទៅធ្វើការតាមរដូវ នៅក្នុងខេត្តច័ន្ទបុរី ប្រទេសថៃ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ មានចំនួនសរុប ៦៨នាក់ ស្រី២១នាក់។

លោកបានបន្តថា ពាក់ព័ន្ធនឹងពលករខ្មែរធ្វើសំណាកស្រុកនេះ ខាងមន្ទីរការងារក៏បានចូលរួមរៀបចំវគ្គផ្សព្វផ្សាយអប់រំស្ដីពី សុវត្ថិភាពនៅក្នុងមូលដ្ឋានចំនួន២ភូមិ នៃឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានអ្នកចូលរួមសរុប ៧៩នាក់ ស្រី ៥៣នាក់ ក្នុងនោះមាន៖ ភូមិទួលទិល ចំនួន៣១នាក់ ស្រី២០នាក់ និងភូមិចម្លងក្រោម ចំនួន៤៨នាក់ ស្រី ៣៣នាក់ ផងដែរ៕