(ភ្នំពេញ)៖ លោក អ៉ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា តួនាទីរបស់យុវជនបានក្លាយជាកម្លាំងមួយក្នុងការចូលរួមរបស់គណបក្សប្រជាជនកម្ពុជានៅគ្រប់ទីកន្លែង ក៏ដូចជាសន្ទុះនៃការគាំទ្ររបស់កម្មករនិយោជិតក៏រឹតតែធ្វើឲ្យគណបក្សនេះមានប្រជាប្រិយភាពកាន់តែខ្លាំង។

ការលើកឡើងបែបនេះរបស់លោក អ៉ិត សំហេង ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។

បន្ទាប់ពីលោក ទៀវ ម៉ាក់តែល សមាជិកគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអានសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សរួចមក លោក អ៉ិត សំហេង បានជម្រាបបញ្ជាក់បន្ថែមពីខ្លឹមសារលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងចំណុចសំខាន់ៗមួយចំនួនដែលជាទិសដៅអាទិភាពពាក់ព័ន្ធទៅនឹងក្របខណ្ឌរបស់គណបក្ស ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ និងការងារជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ គួរបញ្ជាក់ថា សន្និបាតគណៈកម្មាធិការវិសាមញ្ញនៃគណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ដោយសន្និបាតបានប្រព្រឹត្តទៅតាមរបៀបវារៈដែលបានកំណត់ក្នុងស្មារតីឯកភាព ប្រជាធិបតេយ្យ និងការទទួលខុសត្រូវចំពោះឧត្តមប្រយោជន៍ជាតិ និងប្រជាជន។

លោកប្រធានក៏បានគូសបញ្ជាក់ពីសភាពការណ៍ទូទៅដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ដែលជាការឆ្លុះបញ្ចាំងឲ្យឃើញនូវការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការជ្រើសរើសថ្នាក់ដឹកនាំរបស់ប្រជាពលរដ្ឋ។

លោកបានថ្លែងថា «ជាមួយនឹងតួនាទីរបស់យុវជនបានក្លាយជាកម្លាំងមួយក្នុងការចូលរួមរបស់គណបក្សនៅគ្រប់ទីកន្លែង ក៏ដូចជាសន្ទុះនៃការគាំទ្ររបស់កម្មករនិយោជិត ក៏រឹតតែធ្វើឲ្យគណបក្សមានប្រជាប្រិយភាពទទួលបានការគាំទ្រកាន់តែខ្លាំង»

លោកក៏បានកោតសរសើរដល់មន្ត្រីគ្រប់លំដាប់ថ្នាក់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបំពេញតួនាទី កាតព្វកិច្ចដោយការទទួលខុសត្រូវបំផុតលើការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រហូតដល់មានមន្ត្រីខ្លះរបស់បក្សក៏បានឆ្លងនូវជំងឺនេះថែមទៀត ទាំងនេះសបញ្ជាក់ពីកាយវិការលះបង់ប្រកបដោយការគោរពស្រលាញ់បំផុតរបស់មន្ត្រីរបស់បក្ស ហើយក៏សូមមន្ត្រីប្រជាជនបន្តចូលរួមអនុវត្ត និងផ្សព្វផ្សាយបន្តទៀត ចំពោះអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

លោក អ៉ិត សំហេង ណែនាំដល់សមាជិកគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមបន្តផ្សព្វផ្សាយយុទ្ធនាការ៩០ថ្ងៃ របបប្រាក់សោធនសម្រាប់កម្មករនិយោជិតនៃវិស័យឯកជន ដែលជាការទន្ទឹងរង់ចាំរបស់កម្មករនិយោជិត និងនិយោជកនៃបណ្តារោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ហើយក៏ជាការឆ្លើយតបទៅនឹងអ្វីដែលរាជរដ្ឋាភិបាលបានសន្យាខាងនយោបាយឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត៕