(ព្រះវិហារ)៖ ប្រកាសឱ្យចូលកាន់តំណែង លោក ភីវ ឌៀន អតីតអភិបាលរងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានប្រកាសផ្ទេភារកិច្ចឱ្យចូលកាន់មុខតំណែងជាអភិបាលរងស្រុកឆែប ខណៈលោក ចាន់ លី អភិបាលរងស្រុកឆែប ឱ្យទៅបម្រើជាអភិបាលរងស្រុកជាំក្សាន្ត។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២២នេះ ក្រោមវត្តមានលោក យុង គឹមហ៊ាន អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុកឆែប ស្រុកជាំក្សាន្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣និងអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងឱកាសនេះដែរលោក យុង គឹមហ៊ាន បានថ្លែងថា ការផ្ទេភារកិច្ចអភិបាលរងស្រុកឆែបនៅពេលនេះ គឺស្របតាមគោលការណ៍ការណែនាំនិងលិខិតបទដ្ឋានគតិយុទ្ធរបស់រាជរដ្ឋាភិបាល តាមសំណើររបស់រដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃ ស្តីពីការប្រកាសផ្ទេភារកិច្ចរបស់លោក ចាន់ លី អភិបាលរងស្រុកឆែប ឱ្យទៅបម្រើជាអភិបាលរងស្រុកជាំក្សាន្ត និងផ្ទេលោក ភីវ ឌៀន ពីអភិបាលរងជាំក្សាន្ត មកជាអភិបាលរងស្រុកឆែបនៅពេនេះ។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តព្រះវិហារ លោក យុង គឹមហាន បានស្នើសុំក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកឆែប ពិសេសលោកអភិបាលរងស្រុកដែលទើបប្រកាសចូលកាន់តំណែងថ្មី ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរក្សាឱ្យបានសាមគ្គីភាពផ្ទៃក្នុង សហការល្អក្នុងការអនុវត្តការងារសំខាន់ៗដូចខាងក្រោម៖

*ត្រូវចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានការការពាររបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ជាពិសេសជំងឺបំលែងថ្មីអូរមីក្រុង ដោយយកចិត្តទុកដាក់លើការពង្រឹងខឿនការពារសុខភាពជូនប្រជាពលរដ្ឋ អប់រំផ្សព្វផ្សាយ ពន្យល់ប្រជាពលរដ្ឋ គ្រប់រូបភាពឱ្យបានទូលំទូលាយ អំពីវិធានការទាំងឡាយរបស់ក្រសួងសុខាភិបាល ពង្រឹងជំនឿទុកចិត្តរបស់ប្រជាជន ឱ្យចូលនិងជឿជាក់លើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាពិសេសគឺការមកចាក់ដូសជំរុញ។

*ត្រូវបន្តរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គមឱ្យបានល្អប្រសើរ ដោយលើកកម្ពស់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងស្រុក។

*អំពីសកម្មភាពនានាពាក់ព័ន្ធនិងសណ្តាប់ធ្នាប់សាធារណៈត្រូវបន្តយកចិត្តទុកដាក់រៀបចំ សោភ័ណ្ឌភាព សណ្តាប់ធ្នាប់ អនាម័យ ដូចជាការប្រើប្រាស់ផ្លូវ ចិញ្ចើមផ្លូវសាធារណៈ ការគ្រប់គ្រងការសាងសង់។

*បន្តជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ឱ្យមានវឌ្ឍនភាពតាមផែនការកំណត់។ពិសេសសូមជួយផ្សព្វផ្សាយ ជំរុញ ណែនាំ និងបង្ករលក្ខណះឱ្យប្រជាពលរដ្ឋ ក៏ដូចជាគណបក្សនយោបាយនានា បានធ្វើសកម្មភាពស្របច្បាប់។

*បន្តតាមដាននិងទប់ស្កាត់ប្រជាពលរដ្ឋ ធ្វើចំណាកស្រុកខុសច្បាប់ទៅរកសុីក្នុងទឹកដីថៃ-ឡាវ។
*ជំរុញការដោះស្រាយទំនាស់ដីធ្លី បើទោះបីការដោះស្រាយកន្លងមកបានសម្រេចរួចមួយចំនួនធំក៏ដោយ និងទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃយកដីធ្វើកម្មសិទ្ធ។

*ដើម្បីសម្រេចបាននូវអនុសាសន៍ខាងលើ គណៈអភិបាលស្រុកត្រូវលើកកម្ពស់ជាប្រចាំនូវរបៀបរបបបំពេញការងារ និងការបែងចែកភារកិច្ចគណៈអភិបាល ដែលបានកំណត់ ព្រមទាំងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ៕