(ភ្នំពេញ)៖ លោក គិត សុវណ្ណរិទ្ធិ អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជាបានលើកឡើងថា នឿទុកចិត្តពីសាធារណជន លើប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ជាកត្តាចម្បងក្នុងការរក្សាចីរភាពគ្រឹះស្ថាន ការបន្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

ការលើកឡើងរបស់មន្រ្ដីជាន់ខ្ពស់រូបនេះធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងអង្គការ Social Performance Task Force (SPTF) ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុកម្ពុជា ប្រកបដោយការទទួលខុសត្រូវ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ក្នុងនោះក៏មានការចូលរួមពី លោកស្រី Laura_Foose នាយកប្រតិបត្តិអង្គការSPTF លោក Nitin Madan, នាយកផ្នែកបរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ ប្រចាំអាស៊ីអាគ្នេយ៍នៃអង្គការ SPTF, លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា,។

កិច្ចសហការគ្នានេះធ្វើឡើង ក្នុងគោលបំណងពង្រឹងការអនុវត្តអាជីវកម្ម ប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវដោយមើលពីជ្រុងនៃ ការគ្រប់គ្រងហានិភ័យ ដើម្បីជំរុញនូវកំណើន ប្រកបដោយ ការទទួលខុសត្រូវការលើកកម្ពស់ស្ថេរភាពវិស័យហិរញ្ញវត្ថុ និងបង្កើនការការពារអតិថិជន។

លោក គិត សុវណ្ណរិទ្ធិ បានថ្លែងឲ្យដឹងថា «ជំនឿទុកចិត្តពីសាធារណជន ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ជាកត្តាចម្បងក្នុងការរក្សាចីរភាពគ្រឹះស្ថាន ការបន្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងរក្សាស្ថិរភាពប្រព័ន្ធធនាគារទាំងមូល ហើយកិច្ចការពារអតិថិជន ក៏ត្រូវបានចាត់ទុកជាការងារអាទិភាព ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់»

លោកស្រី Laura_Foose នាយកប្រតិបត្តិអង្គការ SPTF បានថ្លែងថា «ចាប់តាំងពីអង្គការ SPTF បានបង្កើតឡើងក្នុងឆ្នាំ២០០៥ បានឃើញឥទ្ធិពលនៃការធ្វើការរួមគ្នា ដើម្បីលើកកម្ពស់កិច្ចការស្វ័យបញ្ញត្តិប្រកបដោយប្រសិទ្ធភាព។ តាមប្រទេសដែលមានភូមិសាស្ត្រ និងវប្បធម៌ខុសៗគ្នា ទីផ្សារហិរញ្ញវត្ថុនឹងមានសុខមាលភាពល្អ លុះត្រាអតិថិជនទទួលបានការពារ នៅពេលដែលអ្នកផ្តល់សេវារួមគ្នា អនុវត្តក្រមសីលធម៌ និងស្តង់ប្រតិបត្តិការដូចគ្នាព្រមទាំងទទួលខុសត្រូវ ចំពោះមុខគ្នាទៅវិញទៅមក»

លោកស្រីបានបន្ដថា កិច្ចខិតខំប្រឹងប្រែងនេះចម្រេចទៅបាន លុះណាតែមានការដឹកនាំដ៏រឹងមាំ ព្រមទាំងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល ដូច្នេះអង្គការSPTF សូមថ្លែងអំណរគុណចំពោះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងធនាគារជាតិនៃកម្ពុជា ចំពោះការប្តេជ្ញាចិត្តសម្រេចចំពោះចក្ខុវិស័យរួមមួយនេះ។

លោកស្រីបានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នាពេលនេះ កើតឡើងក្រោមយន្តការការពារអតិថិជននៅកម្ពុជា ដែលជាកិច្ចសហប្រតិបត្តិការរវាង អង្គការ SPTE សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ ADA Microfinance។

លោក Nitin Madan បានថ្លែងថា ភាពជាដៃគូថ្មីដែលមានតែមួយ និងដំបូងគេបង្អស់នេះនឹងបង្កើតជាផែនទីចង្អុលផ្លូវនាំដល់ការរីកចម្រើន វិស័យហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ ស្ថិរភាពហិរញ្ញវត្ថុ និងកិច្ចគាំពារអតិថិជនក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ក៏ដូចវិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូលផងដែរ។

សមាគម និងសមាជិករបស់ខ្លួន អាចដាក់ពាក្យស្នើសុំសហហិរញ្ញប្បទានសម្រាប់អនុវត្ត និងពង្រឹងសមត្ថភាព លើការអនុវត្តបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ក្នុងចំណោមស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុ ក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានថ្លែងថា «កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ មានគោលបំណងពង្រឹងការអនុវត្តអាជីវកម្ម ប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ ដោយមើលពីជ្រុងនៃ ការគ្រប់គ្រងហានិភ័យ ដើម្បីជំរុញនូវកំណើនប្រកបដោយការទទួលខុសត្រូវ ការលើកកម្ពស់ស្ថេរភាពវិស័យហិរញ្ញវត្ថុ និងបង្កើនការការពារអតិថិជន»

លោកបានបន្ដថា កិច្ចផ្តួចផ្តើមនេះត្រូវបានដាក់ចេញស្របពេលដែល Smart Campaign ឈានដល់ទីបញ្ចប់ ដោយនឹងជំនួសដោយកិច្ចសហប្រតិបត្តិការជាមួយ SPTF-CERISE ក្នុងដំណើរដ៏សកម្មបន្តទៅមុខ។កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំង២ នឹងដើរតួនាទីក្នុងកិច្ចការជំរុញ និងអនុវត្តនូវស្តង់ដារការពាអតិថិជនថ្មីរបស់ SPTF-CERISE ក៏ដូចជាវិញ្ញាបនបត្រទទួលស្គាល់ផងដែរ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានសមាជិក១២១គ្រឹះស្ថាន ជាសមាគមវិជ្ជាជីវៈមិនរកប្រាក់ចំណេញ មានគោលដៅធានាឱ្យបានថា ប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយភាពសំបូរបែប ទាន់ពេលវេលា តាមរយៈប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ សមាគមអាចសម្រេចគោលដៅនេះបាន តាមរយៈការសម្របសម្រួលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ប្រតិបត្តិករជនបទ ព្រមទាំងពង្រឹងទំនាក់ទំនង ជាមួយអាជ្ញាធរ ម្ចាស់ជំនួយ អ្នកផ្តល់ឥណទាន វិនិយោគគិន និងអ្នកពាក់ព័ន្ធផ្សេងៗទៀត៕