(វ៉ាស៊ីនតោន)៖ វាហាក់បីដូចជាលឿនបន្តិចហើយ នៅក្នុងការសន្មត់ថា តើបុគ្គលរូបណាដែលនឹងអាច ជាប់ឆ្នោតក្លាយជាប្រធានាធិបតអាមេរិក សម្រាប់ឆ្នាំ ២០១៦នេះ ក៏ប៉ុន្តែតាមការស្ទង់មតិរបស់ Gallup ឲ្យដឹងថា លោកស្រី ហ៊ីលឡារី គ្លីនតុន បេក្ខជននាំមុខក្នុងគណបក្សប្រជាធិបតេយ្យ ហាក់មានប្រៀប ខ្លាំងជាងលោក ដូណាល់ ត្រាំភ៍ ដែលជាបេក្ខជននាំមុខខ្លាំងក្នុងគណបក្សសាធារណរដ្ឋ។ នេះបើតាមការ ចេញផ្សាយមុននេះបន្តិច ដោយស៊ិនហួរ នារសៀលថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០១៦។
ទិន្នន័យរបស់ Gallup បានបង្ហាញថា អំឡុងយុទ្ធការឃោសនារកសំឡេងគាំទ្រក្នុងបក្សនីមួយៗ បន្ទាប់ពីរយៈពេល ១០ខែដែល Gallup បានធ្វើការស្ទង់មតិម្តងដែរនោះ កេរ្តិ៍ឈ្មោះរបស់លោកស្រី គ្លីនតុន ហាក់មានការស្រុតចុះខ្លាំងជាងមុន ហើយសម្រាប់លោក ដូណាល់ ត្រាំភ៍ ក៏មានការថមថយ ឥទ្ធិពលដ៏គួរឲ្យកត់សម្គាល់ដូចគ្នាដែរ។
នៅក្នុងការស្ទង់មតិសម្រាប់ខែឧសភានេះ ប្រជាជនអាមេរិកប្រមាណ ៤០ភាគរយពេញចិត្តលោកស្រី ហ៊ីលឡារី គ្លីនតុន ស្របពេលដែល ៥៤ភាគរយទៀតមិនពេញចិត្ត។ ដោយឡែកសម្រាប់លោក ដូណាល់ ត្រាំភ៍ វិញជនជាតិអាមេរិក ៣៣ភាគរយបានសម្តែងមតិពេញចិត្ត ដោយឡែក ៦០ភាគរយផ្សេងទៀត មិនពេញចិត្តនោះឡើយ។
ដូច្នេះបើតាមការស្ទង់មតិនេះ គេអាចមើលឃើញថាការគាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន នៅតែនាំមុខ លោកត្រាំភ៍ ខ្លាំង ប៉ុន្តែអ្វីដែលជាបញ្ហានោះបើទោះបីជាអ្នកទាំងពីរជាបុគ្គលដែលនឹងប្រកួតប្រជែងយក តំណែងប្រធានាធិបតអាមេរិកក៏ដោយ ក៏នីមួយៗនៅតែទទួលការមិនពេញចិត្តភាគច្រើនពីសំណាក់ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត។ សរុបជារួម លោកស្រី គ្លីនតុន ត្រូវគេរំពឹងថានឹងអាចយកឈ្នះ នៅក្នុងការបោះឆ្នោតសកលនាខែវិច្ឆិកា ខាងមុខនេះ៕