(ភ្នំពេញ)៖ គម្រោងជួសជុលគ្រឹះក្រោម ជង្ហុកសំបុកមាន់ និងអ៊ុតកៅស៊ូលើផ្លូវកម្ពុជាក្រោម ចាប់ពីស្ពានអាកាសពេទ្យលោកសង្ឃដល់ផ្សារធំថ្មី គ្រោងបញ្ចប់នៅថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២២នេះហើយ ដើម្បីសម្រួលចរាចរជូន ប្រជាពលរដ្ឋ និងដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញយកាន់តែស្រស់បំព្រង។

មន្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ថា អនុវត្តតាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការរាជធានីភ្នំពេញ បានជួសជុល គ្រឹះខាងក្រោមឲ្យរឹងមាំ ទើបអ៊ុតកៅស៊ូ ពីលើកំណាត់ផ្លូវកម្ពុជាក្រោមទាំងស្រុងតែម្តង ដោយចាប់ពីស្ពានអាកាស ៧ មករា (ស្ពានអាកាសពេទ្យលោកសង្ឃ) ដល់ផ្សារធំថ្មី ដែលមានប្រវែងជាង៣គីឡូម៉ែត្រ។

មន្ត្រីបានបញ្ជាក់ថា កំណាត់ផ្លូវកម្ពុជាក្រោមនេះ ត្រូវអ៊ុតកៅស៊ូទាំងស្រុងមានទទឹង១៨កន្លះ ទៅ១៩ម៉ែត្រ ទៅតាមស្ថានភាពផ្លូវជាក់ស្តែង ជាមួយការដាក់បណ្តាញលូ នៅសងខាងផ្លូវផងដែរ ដោយបានចាប់ផ្តើមបើកការដ្ឋានជួសជុល កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២កន្លងមកនេះ ហើយគ្រោងបញ្ចប់នៅថ្ងៃទី២៣ ខែកក្កដា ស្អែកនេះហើយ៕