(ភ្នំពេញ)៖ រោងចក្រផលិតទឹកដោះគោដំបូងគេនៅកម្ពុជា ត្រូវបានបើកសម្ពោធដាក់ឲ្យដំណើរការហើយនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ ក្រោមតម្លៃវិនិយោគប្រមាណ ២៣លានដុល្លារសហរដ្ឋអាមេរិក។ រោងចក្រផលិតទឹកដោះគោនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដីប្រមាណ ៣ម៉ឺនម៉ែត្រការ៉េនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលជាការសហការគ្នារវាងអ្នកវិនិយោគកម្ពុជា-វៀតណាម។
រោងចក្រផលិតទឹកដោះគោដំបូងគេនៅកម្ពុជា ដែលមានឈ្មោះថា អង្គរមាល (Angkor Milk) ត្រូវបានដាក់ឲ្យដំណើរការក្រោមអធិបតីភាពលោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច។
រោងចក្រទឹកគោ ដែលត្រូវបានធ្វើការសម្ភោធ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នំ ២០១៦ ត្រូវបានសាងសង់ឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដែលជាវិនិយោគរបស់ក្រុមហ៊ុន BPC Trading Co,.Ltd ៤៩ ភាគរយ និងក្រុមហ៊ុន Vitnamilke របស់ប្រទេសវៀតណាម ៥១ ភាគរយ ដែលមានទំហុំទឹកប្រាក់ នៃការវិនិយោគ ២៣លានដុល្លារសហរដ្ឋអាមេរិក ដែលបានសាងសង់លើផ្ទៃដីទំហុំ 3 ម៉ឺនម៉ែត្រការេ ។
លោក ហ្វាត ប៊ុន អគ្គនាយកក្រុមហ៊ុន BPC Trading Co,.Ltd បានឲ្យដឹងថា រោងចក្រផលិតទឹកដោះគោ Angkor Milk បានចាប់ផ្តើមសាងសង់ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល នៃប្រទេសកម្ពុជា-វៀតណាម នៅក្នុងវេទិកាសហប្រតិបត្តិ វិនិយោគកម្ពុជា-វៀតណាម កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤។
លោក ហ្វាត ប៊ុន បានបន្តថា រោងចក្រនេះ បានប្រើប្រាស់ពេលវេលា ១៨ខែក្នុងការសាងសង់ និង បានបំពាក់បរិក្ខា នៃខ្សែសង្វាក់ផលិតកម្មទំនើបតាមរយៈបច្ចេកវិទ្យា មកពីបណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុប ដោយបានយកចិត្តដាក់លើសុវត្ថិភាពម្ហូបអារហារ និង ការពារបរិស្ថាន។ រោងចក្រនេះ មានផលិតប្រភេទទឹកគោដូចជា ទឹកដោះគោស្រស់, ទឹកដោះគោខាប់, ទឹកដោះគោះជូ ដែលបានផលិតផ្ទាល់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាផលិតផល មានគុណភាពខ្ពស់ ស្របតាមស្តង់ដារអន្តរជាតិ ជាពិសេសមានសាធាតុ អាហារូបត្ថម្ភ សម្រាប់សុខភាពកុមារផងដែរ។
លោក ហ្វាត ប៊ុន បានឲ្យដឹងផងដែរថា ក្រុមហ៊ុនរបស់លោក ក៏មានបំណងជំរុញឧស្សាហកម្ម លើវិស័យផលិតម្ហូបអារហារ នៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញការនាំចេញនូវប្រភេទទឹកដោះគោ Angor milk ទៅបណ្តាប្រទេសអាស៊ាន និង ទៅកាន់ពិភពលោក។
លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានស្វាគមន៍នូវការវិនិយោគលើវិស័យម្ហូបអាហារ ផ្នែករោងចក្រទឹកគោនៅក្នុងប្រទេសកម្ពុជា។ លោកស្រី បានថ្លែងថា វត្តមានរោងចក្រផលិតទឹកគោ Angkor Milk បានឆ្លុះបញ្ចាំងពីការលូតលាស់ទៅមុខឥតឈប់ឈរ នៃពាណិជ្ជកម្ម ការវិនិយោគបរទេស វិស័យឯកជន និង វិស័យឧស្សាហកម្មនៅកម្ពុជា។
លោកស្រីឧបនាយរដ្ឋមន្រ្តី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ លើកំណើនការងារសមធម៌ និង ប្រសិទ្ធភាព បានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន នៃការអភិវឌ្ឍន៍ និងបានបង្កលក្ខណៈងាយស្រួល និង ជំរុញវិស័យឯកជនឲ្យលូតលាស់ ដើម្បីរួមចំណែកលើកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។
លោកស្រី ម៉ែន សំអន បានចាត់ទុកថា វត្តមានរោងចក្រទឹកដោះគោ Angkor Milk បានផ្តលអត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ដូចជាការបង្កើនមូលដ្ឋានផលិតក្នុងស្រុកឲ្យកាន់តែរឹងមាំ កាត់បន្ថយការនាំចូលទឹកគោពីបរទេស ផ្តល់ការងារជាច្រើន ដល់បុគ្គលិកកម្ពុជា និង រួមចំ ណែកអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និង សេដ្ឋកិច្ច ហើយក៏ជួយពង្រឹងចំណងសាមគ្គីភាពកម្ពុជា-វៀតណាម ឲ្យកាន់តែរឹងមាំបន្ថែមទៀត។
សូមបញ្ជាក់ថា នៅក្នុងពិធីអបអរសាទរក្នុងការបើកសម្ភោធរោងចក្រទឹកគោខាងលើនេះ រោងចក្រ ក៏បានឧបត្ថម្ភទឹកគោ ដែលមានអាហារូបត្ថម្ភសម្រាប់បំប៉នសុខភាពកុមារ ចំនួន ៥០០កេស ដែលមានទឹកប្រាក់ស្មើនឹង ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជួយដល់កុមាដែលកំពុងជួបការលំបាកក្នុងរាជធានីភ្នំពេញ៕