(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យវឌ្ឍនភាពការងាររៀបចំផែនការមេ ស្ដីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្ដុភារកម្ម រៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងផែនការមេគ្រប់ជ្រុងជ្រោយ ស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ឆ្នាំ២០២២-២០៣០ រៀបចំឡើងដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

ថ្លែងនាឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំ ផ្តល់មតិយោបល់ និងធាតុចូលបន្ថែម ដើម្បីធ្វើឱ្យប្រសើរឡើងដល់ផែនការមេ ទាំងពីរខាងលើកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ផ្តល់អត្ថប្រយោជន៍ដល់ប្រទេសជាតិមាតុភូមិ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។

បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីកិច្ចខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការសហការជាមួយក្រុមហ៊ុន YCH លើគម្រោង សិក្សាអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គម្រោងសិក្សាអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គម្រោងសិក្សាអភិវឌ្ឍផ្លូវនាវាចរណ៍ទន្លេបាសាក់ គម្រោងសិក្សាធ្វើទំនើបកម្មផ្លូវរថភ្លើងល្បឿនលឿន គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ការជំរុញនិងណែនាំដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការកសាងផ្លូវកំពង់ធំ-កំពង់ឆ្នាំង បាត់ដំបង-សៀមរាប ដែលជាប្រព័ន្ធភស្តុភារកម្មប្រកបដោយប្រសិទ្ធភាព។

លោកទេសរដ្ឋមន្រ្តី ក៏បានណែនាំឱ្យអង្គភាពពាក់ព័ន្ធទាំងអស់ ផ្តល់ធាតុចូលឱ្យបានឆាប់ ទៅលើសេចក្តីព្រាងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយកម្ពុជាឆ្នាំ២០២២-២០៣០ ដែលរៀបចំឡើងដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងបន្ថែមនូវចំណុចដែលខ្វះខាតនានា ដោយផ្អែកលើផែនការមេ អន្តរកាលដែលបានអនុម័ត ជាផ្លូវការដោយក្រុមប្រឹក្សាជាតិភ័ស្តុភាកម្មកាលពីខែមករា ២០២០។

ឆ្លៀតក្នុងឱកាសលោកទេសរដ្ឋមន្ត្រី បានថ្លែងកត់សម្គាល់អំពីគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ របស់កម្ពុជា ដែលផ្តោត ជា សំខាន់លើ ការងារអាទិភាពចំនួនបួន ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០៣០ និងចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៥០ ដែលការងារ អាទិភាពទាំងនោះរួមមាន៖ ១៖ ការបញ្ចុះតម្លៃអគ្គិសនីឱ្យនៅកម្រិតទាប ២៖ ការអភិវឌ្ឍធនធានមនុស្សល្អ ៣៖ ការបញ្ចុះតម្លៃភស្តុភាកម្ម និងដឹកជញ្ជូន ៤៖ ការរៀបចំខេត្តព្រះសីហនុទាំងមូលឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេស៕