(វៀតណាម)៖ លោក ថុក សុខុម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានដឹកនាំប្រតិភូ ចូលជួបប្រជុំពិភាក្សាជាមួយលោក ហា វ៉ាន់សៀវ (Ha Van Sieu) អនុប្រធានរដ្ឋបាលជាតិទេសចរណ៍វៀតណាម (VNAT) នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ដើម្បីជំរុញការអនុវត្តន៍ផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នា។
ជំនួបប្រជុំពិភាក្សាដែលបានធ្វើឡើង នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ក៏ដើម្បីអនុវត្តនូវស្មារតីជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Pham Minh Chinh, នាយករដ្ឋមន្ត្រីសាធារណៈរដ្ឋសង្គម និយមវៀតណាម កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក៏ដូចជាអនុវត្តសកម្មភាពយោងតាមស្មារតីជំនួបផ្លូវការរវាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ជាមួយលោក NGUYEN Van Hung រដ្ឋមន្ត្រីវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ក្នុងអំឡុង ពិធិបើក SEA Games លើកទី៣១ នាថ្ងៃទី២៤ ខែឧសភាព ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
នៅក្នុងជំនួបនេះលោក ថុក សុខុម ក៏បានថ្លែងអំណរគុណចំពោះភាគីវៀតណាម និងពាំនាំនូវសេចក្តីនឹករលឹកពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលជាតិទេសចរណ៍វៀតណាម (VNAT) នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមផងដែរ។
លោក ថុក សុខុម ក៏បានបញ្ជាក់អំពីគោលបំណងនៃការរៀបចំកម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវទេសចរណ៍កម្ពុជា «Cambodian Tourism Roadshow» និងប្រកាសប្រាប់ ប្រជាជនវៀតណាម អំពីការបើកឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ដោយកម្ពុជាបានសម្រួលលក្ខខណ្ឌមួយចំនួនប្រកបដោយភាពងាយស្រួល សុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរបរទេស ក្នុងនោះចំពោះភ្ញៀវដែលបានចាក់វ៉ាក់សាំងពេញលេញ វិធានសុវត្ថិភាពតម្រូវត្រឹមតែការបង្ហាញកាត ឬវិញ្ញាបនប័ត្រ ចាក់វ៉ាក់សាំង ដោយឡែកចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំង ឬបានចាក់វ៉ាក់សាំងមិនពេញលេញ គ្រាន់តែតម្រូវឲ្យធ្វើតេស្តរហ័សប៉ុណ្ណោះនៅពេលមកដល់កម្ពុជា។
តំណាងក្រសួងទេសចរណ៍កម្ពុជា ក៏លើកឡើងពិភាក្សាអំពីដំណើរការនៃការធ្វើដំណើរបើកបរដោយខ្លួនឯង (Self-driving tour) ពីច្រកព្រំដែនអន្តរជាតិ ជាពិសេស ប្រទេសមិត្តជិតខាង ហើយសង្ឃឹមថាការបើកច្រកនេះនឹងបង្កើនឲ្យមានលំហូរទេសចរមកទស្សនាប្រទេសទាំងពីឲ្យបានច្រើនថែមទៀត។ លោកបានបន្ថែមថា បច្ចុប្បន្នកម្ពុជាកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ទន់-រឹង ជាច្រើននៅទិសនិរតី ដើម្បីតភ្ជាប់សម្រួលការធ្វើដំណើរ ជំរុញចលនាភ្ញៀវទេសចរពីខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ទៅខេត្តគៀង យ៉ាង និងទីក្រុងកាន់ធើជាដើម។
ជាមួយគ្នានោះលោក ថុក សុខុម ក៏បានអញ្ជើញរដ្ឋបាលទេសចរណ៍ជាតិវៀតណាម (VNAT) និងប្រតិភូចូលរួមក្នុងពិធីបុណ្យសមុទ្រ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩-១១ ខែធ្នូ ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោកក៏បានលើកឡើងពីការជំរុញកិច្ចសហប្រតិបត្តិការការតភ្ជាប់តាមផ្លូវគោក ទឹក និងអាកាស ជាពិសេសដើម្បីតភា្ជប់រវាងខេត្ត ដែលនៅជាប់ព្រំដែនជាមួយគ្នា សម្រួលដល់ការធ្វើដំណើរនៅតាមច្រកព្រំដែនអន្តរជាតិ និងការផ្តល់ទិដ្ឋាការស្នាក់នៅ រយៈពេលវែងសម្រាប់ប្រជាជនកម្ពុជា ដែលធ្វើដំណើរទេសចរណ៍ ទៅពិនិត្យព្យាបាលជំងឺនៅប្រទេសវៀតណាម។
លោក ថុក សុខុម ក៏បានអះអាងដែរថា កម្ពុជានឹងចូលរួមការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ «International Travel Expo (ITE HCMC) 2022» ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ព្រមទាំងរៀបចំកម្មវិធីរាត្រីកម្ពុជា «Cambodia Night» នៅសណ្ឋាគាររិស (REX Hotel) នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ព្រមទាំងចូលរួមក្នុងវេទិកាទេសចរណ៍មេគង្គ ចាប់ពីថ្ងៃទី១១-១៤ ខែតុលា ឆ្នាំ២០២២ នៅ Hoi An ប្រទេសវៀតណាមផងដែរ។
ជាការឆ្លើយតប រដ្ឋបាលទេសចរណ៍ជាតិវៀតណាម (VNAT) បានឯកភាពបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ពិសេសចូលរួមការផ្សព្វផ្សាយ ទេសចរណ៍ រួមគ្នាដូចជា៖ ការចូលរួមពិធីបុណ្យសមុទ្រនៅកម្ពុជា និងការចូលរួមត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ (SEA Games 2023) អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ (Asian Youth Games 2029) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រួមជាមួយការអបអរសាទរខួបលើកទី៥៥ នៃទំនាក់ទំនង ការទូតកម្ពុជា-វៀតណាម ក៏ដូចជាចូលរួមផ្សព្វផ្សាយរួមគ្នានៅព្រឹត្តិការណ៍ពិព៍រណ៍ទេសចរណ៍ពិភពលោក នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស។ ភាគីវៀតណាម ក៏បានស្នើសុំកិច្ចសហប្រតិបត្តិការពីក្រសួងទេសចរណ៍កម្ពុជា ក្នុងការរៀបចំកម្មវិធី Roadshow ក្នុងខែតុលា ឆ្នាំ២០២២ នៅទីក្រុងភ្នំពេញផងដែរ៕