(ភ្នំពេញ)៖ អ្នកចូលទស្សនាសារមន្ទីរជាតិ និងសារមន្ទីរទួលស្លែង មានសកម្មភាពកម្រើកឡើងវិញបន្តិច។ នេះបើតាមលោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ លោក ឆាយ វិសុទ្ធ បានឲ្យដឹងថា នៅខែមិថុនា ជាមធ្យមភ្ញៀវខ្មែរមានប្រហែល ៩០នាក់ រីឯភ្ញៀវបរទេសមានប្រហែល ៨០នាក់ ក្នុងមួយថ្ងៃៗ បានចូលទស្សនាសារមន្ទីរជាតិ។ ប៉ុន្តែ នៅខាងសារមន្ទីរទួលស្លែង ជាមធ្យមភ្ញៀវខ្មែរមានប្រហែល ៧០នាក់ រីឯភ្ញៀវបរទេសមានប្រហែល ១៨០នាក់ឯណោះ ក្នុងមួយថ្ងៃៗ។

លោកបន្តថា ក្នុងខែកក្កដា លំហូរនៃអ្នកទស្សនាមានការកើនឡើង គឺខ្មែរមានប្រហែល ១៣០នាក់ ហើយបរទេសខ្ទង់ប្រមាណ ១០០នាក់ ក្នុងមួយថ្ងៃៗ បានចូលទស្សនាសារមន្ទីរជាតិ បើគិតជាចំនួនមធ្យមដូចគ្នា។ ដោយឡែក នៅសារមន្ទីរទួលស្លែង ជាមធ្យម ភ្ញៀវខ្មែរមានប្រមាណ ១២០នាក់ដែរ ហើយភ្ញៀវបរទេស មានប្រមាណ ២៤០នាក់ ក្នុងមួយថ្ងៃៗ។

«ជារួមយើងឃើញថា មានការកើនឡើងសម្រាប់ខែកក្កដានេះ ជាពិសេសភ្ញៀវបរទេស ប៉ុន្តែកំណើននេះមិនមែនជាកំណើនមួយ ដែលធំនោះទេ ហើយតិចណាស់។ ហើយកំណើននេះ អាស្រ័យទៅតាមថ្ងៃ ជាពិសេសចុងសប្តាហ៍ មានច្រើនបន្តិចទៅ (ថ្ងៃធម្មតាមានតិច)»។ នេះបើតាមលោក ឆាយ វិសុទ្ធ។

សូមជម្រាបថា ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យបើកដំណើរការសង្គមសេដ្ឋកិច្ច ក្នុងប្រទេសឡើងវិញ កាលពីចុងឆ្នាំ២០២១ រហូតមកដល់ដើមឆ្នាំ២០២២ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានត្រឡប់ចូលទស្សនាវត្ថុបុរាណនានា ដែលបានរក្សាទុកនៅសារមន្ទីរជាតិ ក៏ដូចជាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឡើងវិញជាបន្តបន្ទាប់ផងដែរ៕