(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០១៦នេះ បានលើកឡើងថា ដើម្បីឲ្យមានភាពសុក្រិត គ្មានការប៉ះពាល់ដល់សតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋ លោកសំណូមពរឲ្យក្រុមហ៊ុនទាំង១៤ទូទាំងខេត្ត ដែលមានអាជ្ញាប័ណ្ណអាជីវកម្មផ្គត់ផ្គង់អគ្គិសនី ត្រូវដូរនាឡិកាស្ទង់ថ្មី (កុងទ័រថ្មី) ឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋគ្រប់ខ្នងផ្ទះ ដោយមានការពិនិត្យត្រឹមត្រូវ តាមស្តង់ដារតែមួយ ពីអាជ្ញាធរអគ្គិសនីកម្ពុជា។
ការថ្លែងឲ្យដឹងបែបនេះ បានធ្វើឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្នុងឱកាសលោក អញ្ជើញបើកកិច្ចប្រជុំរកដំណោះស្រាយ អំពីបញ្ហានាឡិកាស្ទង់ (កុងទ័រ) ដើរខុសប្រក្រតីដោយមានការចូលរួម ពីអភិបាលរងខេត្ត តំណាងអាជ្ញាធរអគ្គិសនីកម្ពុជា ប្រធានមន្ទីរជំនាញ អភិបាលក្រុងស្រុក ប្រធានក្រុមហ៊ុនអគ្គិសនី និង មន្ត្រីដែលពាក់ព័ន្ធជាច្រើននាក់ផងដែរ។ ក្រោយពីលោក យឹម វិសិដ្ឋ នាយកបញ្ញត្តិកម្មសេវាកម្មផ្គត់ផ្គង់ នៃអាជ្ញាធរអគ្គិសនីកម្ពុជា បានបកស្រាយជុំវិញបញ្ហាមួយចំនួន ដែលមានភាពមិនប្រក្រតី ទៅលើនាឡិកាស្ទង់ (កុងទ័រ) និងការប្រើប្រាស់រួចមក លោកក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ប្រសិនបើកុងទ័ររបស់ខ្លួន មានភាពមិនប្រក្រតីនោះ ត្រូវមកដាក់ពាក្យសុំឲ្យមានការត្រួតពិនិត្យជាថ្មីឡើងវិញបាន នៅអង្គភាពអគ្គិសនីផ្ទាល់ ឬក៏មានបញ្ហាផ្សេងៗ ពាក់ព័ន្ធទៅនឹងបច្ចេកទេស អាចទាក់ទងមកតាមរយៈលេខទូរស័ព្ទ ដែលមានក្នុងវិក្កយបត្រទូទាត់តម្លៃអគ្គិសនី។
លោក ម៉ៅ ធនិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនាញដែលអញ្ជើញមកពីអាជ្ញាធរអគ្គិសនី ដែលបានមកធ្វើការបកស្រាយ ជូនដល់ម្ចាស់អាជ្ញាប័ណ្ណអាជីវកម្មផ្គត់ផ្គង់ភ្លើងបានយល់ច្បាស់។ លោកបានថ្លែងថា «ចំពោះភ្លើងដែលកើនឡើងខុសប្រក្រតី គឺកើតមានតាមរដូវកាល ខ្ញុំយល់ស្របតាមការបំភ្លឺរបស់តំណាងអាជ្ញាធរអគ្គិសនីកម្ពុជា ក៏ប៉ុន្តែជុំវិញបញ្ហាទាំងអស់នេះ យើងត្រូវរកដំណេះស្រាយឲ្យបានជាក់លាក់ និងឲ្យទាន់ពេលវេលា»។ លោកបានបន្តទៀតថា «បច្ចុប្បន្នមានជនក្តាប់តូចដែលញុះញ៉ង់ឲ្យបងប្អូនយើងគ្មានទំនុកចិត្ត លើម្ចាស់អាជីវកម្ម ដែលបង្កការថ្នាំងថ្នាក់ជាមួយថ្នាក់ដឹកនាំ»។ លោកបានបន្តទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ គិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយសម្រចបញ្ចុះតម្លៃភ្លើងក្នុងការប្រើប្រាស់ ឲ្យមានតម្លៃទាមជាងមុន។ ជាមួយគ្នានេះ លោកបានសំណូមពរឲ្យក្រុមហ៊ុនទាំង១៤ទូទាំងខេត្ត ដែលមានអាជ្ញាប័ណ្ណអាជីវកម្មផ្គត់ផ្គង់អគ្គិសនី ត្រូវដូរនាឡិកាស្ទង់ថ្មី (កុងទ័រថ្មី) ឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋគ្រប់ខ្នងផ្ទះ ដោយមានការពិនិត្យត្រឹមត្រូវ តាមស្តង់ដារតែមួយ ពីអាជ្ញាធរអគ្គិសនីកម្ពុជា ដើម្បីឲ្យមានភាពសុក្រិត គ្មានការប៉ះពាល់ដល់សតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋយើង។
ជាងនេះទៅទៀត លោកបានសំណូមពរឲ្យអ្នកផ្តល់សេវាអគ្គិសនី ត្រូវមានក្រមសីលធម៌សមរម្យជាមួយអ្នកទទួលសេវា ត្រូវពន្លឿននៃការតភ្ជាប់បណ្តាញអគ្គិសនី ទៅតំបន់គោលដៅ ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន និង រៀបចំបង្កើតគណៈកម្មការតាមមូលដ្ឋានរៀនៗខ្លួន ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា៕