(ភ្នំពេញ)៖ លោក សាយ សំអាល់ ប្រធានគណៈកម្មាធិការគណបក្សក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ និងសាកសមបំផុតក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនមកដល់ពេលបច្ចុប្បន្ន។
ការគូសបញ្ជាក់បែបនេះ របស់លោក សាយនសំអាល់ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្រសួងបរិស្ថាន និងសកម្មជនយុវជនកម្ពុជា នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅវិមាន៧ មករា។
ក្នុងឱកាសនោះ លោក សាយ សំអាល់ ក៏បានលើកឡើងនូវគោលនយោបាយជាអាទិភាពសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ធ និងការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស ស្មើមុខមាត់លើឆាកជាតិ-អន្តរជាតិ។
លោក សាយ សំអាល់ បានបន្ថែមថា ជោគជ័យដ៏ធំធេងរបស់កម្ពុជា ក្រោមការដឹកនាំ របស់ប្រមុខគណបក្សប្រជាជនកម្ពុជា រហូតទទួលបានការគាំទ្រនិងកោតសរសើរពីបណ្តាប្រទេសជាច្រើនលើសកលលោក គឺវិធានការក្នុងការបង្ការ និងទប់ស្កាត់នូវការរីករាយដាល និងការឆ្លងជំងឺកាចសាហាវកូវីដ១៩ ដោយបានបើកដំណើរការប្រទេសជាតិ និងសេដ្ឋកិច្ចឡើងវិញ ដែលកត្តាសំខាន់នោះ គឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចាក់ស្រោចវ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ លើប្រជាពលរដ្ធទូទាំងប្រទេសគ្រប់ស្រទាប់វណ្ណៈ ហើយបានដឹកនាំនាវាកម្ពុជាឱ្យឆ្លងផុតពីពីមហន្តរាយកូវីដ១៩។
លោក សាយ សំអាល់ បានបន្ថែមថា គោលនយោបាយច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ជាចក្ខុវិស័យវែងឆ្ងាយ គឺឱ្យកម្ពុជាកាន់តែឈានឆ្ពោះទៅមុខបន្ថែមទៀត ចាំបាច់ត្រូវថែរក្សសន្តិភាព កុំចាំបាត់បង់ហើយនោះ នឹកគិតពីសន្តិភាព។
នៅក្នុងឱកាសនោះដែរ លោក សាយ សំអាល់ បានលើកឡើងពីការបន្តរួមសាមគ្គីគ្នា ស្មាកៀស្មា ឱបក្រសោបគ្នា និងត្រូវទៅបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខ៕