(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញក្តីរំពឹងថា នឹងមិនមានអ្នកបដិសេធលើ លទ្ធផលបោះឆ្នោតទៀតនោះឡើយ បន្ទាប់ពីស្ថាប័ន និងប្រព័ន្ធដំណើរការ នៃការបោះឆ្នោតត្រូវបានធ្វើកំណែទម្រង់។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៅដល់ការបោះឆ្នោតជាតិ កាលពីឆ្នាំ២០១៣ ដែលការបោះឆ្នោតនោះ ត្រូវបានគណបក្សសង្រ្គោះជាតិ ធ្វើការបដិសេធ មិនទទួលស្គាល់លទ្ធផលឆ្នោត និងបានចោទប្រកាន់ថា មានការកេងបន្លំសន្លឹកឆ្នោត ក៏ដូចជាធ្វើឲ្យបាត់ឈ្មោះអ្នកបោះឆ្នោតរហូតដល់ទៅ ១,៥លាននាក់ជាដើម។
សម្តេចនាយករដ្ឋមន្រ្តី ក៏បានរំលឹកទៅដល់ការចរចាជាមួយគណបក្សប្រឆាំង ក្នុងការធ្វើកំណែទម្រងលើការបោះឆ្នោតផងដែរ។ តាមរយៈការធ្វើកំណែទម្រង់លើប្រព័ន្ធបោះឆ្នោត ដែលមានការចុះបញ្ជីឈ្មោះតាមប្រព័ន្ធកុំព្យូ ហើយត្រូវតម្រូវ ឲ្យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរត្រឹមត្រូវ ដោយមានការផ្តល់ជំនួបច្ចេកទេសពីជប៉ុន និងសហភាពអឺរ៉ុបនោះ សម្តេចតេជោ ហ៊ុន សែន រំពឹងថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅដោយតម្លាភាពទាំងអស់គ្នា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចក៏ចង់ដឹងសខ្មៅផងដែរ ចំពោះការស្រែកថា បាត់ឈ្មោះអ្នកបោះឆ្នោត ១,៥លាននាក់ ខណៈដែលការចុះឈ្មោះរកមិនឃើញ ដូចការចោទប្រកាន់នោះឡើយ។ សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «ទឹកកាន់តែថ្លា មើលកាន់តែឃើញត្រី មើលឃើញបាតដី មើលឃើញសារាយ ស្អីៗនៅក្នុងហ្នឹងឃើញទាំងអស់។ នេះហើយជាបញ្ហា ដែលចង់ឃើញទាំងអស់ ព្រោះរឿងនេះមិនមែន ជារឿងតូចតាចទេ។ អ្នកណាទទួលខុសត្រូវទៅលើបញ្ហាចោទថា បាត់មនុស្ស ១,២លាន ១,៥លាននាក់»។
តាមរយៈការធ្វើកំណែទម្រង់លើស្ថាប័ន និងនីតិវិធីបោះឆ្នោត សម្តេចតេជោ ក៏បានបង្ហាញក្តីរំពឹងផងដែរថា នឹងលែងមានអ្នកតវ៉ា ឬបដិសេធលទ្ធផលបោះឆ្នោតទៀតហើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «សង្ឃឹមថា មិនមានហេតុផលបដិសេធលទ្ធផល ការបោះឆ្នោតណាផ្សេងទៀតកើតឡើងទេ ហើយមិនមានហេតុផល ដើម្បីនិយាយថា បាត់មនុស្ស ១,២លាននាក់ ឬ ១,៥លាននាក់ទៀតដែរ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យអាជ្ញាធរពន្លឿនធ្វើអត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋខ្មែរ ដែលនៅសល់ជាង ២លាននាក់ ព្រមទាំងក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅពេលគណៈកម្មាធិការជាតិប្រកាសឲ្យទៅ ចុះឈ្មោះបោះឆ្នោតថ្មីនោះ។ ចៀសការស្តីបន្ទោសដល់ស្ថាប័នរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត នៅពេលគ្មានឈ្មោះបោះឆ្នោត។
សូមបញ្ជាក់ថា នយោបាយនៅកម្ពុជាបានជាប់គាំង អស់រយៈពេលជិតមួយឆ្នាំ ក្រោយពេលគណបក្សសង្រ្គោះជាតិ មិនព្រមទទួលយកលទ្ធផលបោះឆ្នោតជាតិ ២៨ កក្កដា ឆ្នាំ២០១៣។ ក្រោយវប្បធម៌សន្ទនារវាងសម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី ត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ វិបត្តិនយោបាយ ក៏បានបិទបញ្ចប់ និងបានឈានដល់ការកំណត់ជ្រើសរើសក្បាលម៉ាស៊ីន នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី ដែលមានលោក ស៊ិក ប៊ុនហុក មកពីគណបក្សប្រជាជនកម្ពុជា ធ្វើជាប្រធាន គ.ជ.ប និងលោក គួយ ប៊ុនរឿន មកពីគណបក្សសង្គ្រោះជាតិ ជាអនុប្រធាន គ.ជ.ប ។
លោក មាន សទិ លោក រ៉ុង ឈុន លោក ឌុច សន លោក ហ៊ីង ធីឫទ្ធិ លោក ឯម សូផាត អ្នកស្រី តែ ម៉ានីរ៉ុង និង លោកបណ្ឌិត ហង្ស ពុទ្ធា ជាសមាជិក។
សមាសភាពក្បាលម៉ាស៊ីន គ.ជ.ប ថ្មីនេះ ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុក្ខចិត្តនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០១៥។ សមាជិក គ.ជ.ប ទាំង ៩រួបនេះ ត្រូវបានចូលស្បថនៅមុខព្រះភ័ក្ត្រព្រះមហាក្សត្រ នៅថ្ងៃសៅរ៍ ទី១១ ខែមេសា ហើយចូលកាន់តំណែងនៅថ្ងៃទី១៣ ខែមេសា។ ទាំងសម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី សុទ្ធតែបានសម្តែងការជឿទុកចិត្តទៅលើសុក្រិតភាពរបស់ គ.ជ.ប ថ្មី ហើយសង្ឃឹមថា នឹងបម្រើការជូនប្រទេសជាតិ ប្រកបដោយយុត្តិធម៌ និងតម្លាភាព។
សម្តេច ហ៊ុន សែន បានរំលឹកទៅ សមាជិក គ.ជ.ប ថ្មីទាំងអស់ ទោះកើតចេញពីគណបក្សណាក៏ដោយ ចាប់ពីថ្ងៃថ្ងៃចូលកាន់តំណែង គឺគ្មានពាក់ព័ន្ធនឹងគណបក្សណាមួយនោះទេ ត្រូវបំពេញតួនាទីរបស់ខ្លួន ឲ្យឯករាជ្យឲ្យបានពិតប្រាកដ៕