(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១៤៩គ្រួសារ មកពីភូមិចំនួន៩ ក្នុង៤ឃុំ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះលោក ប្រាក់ សុវណ្ណ ក៏បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

លោក ប្រាក់ សុវណ្ណ ក៏បានថ្លែងផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំ ដើម្បីការពារពីមេរោគផ្សេងៗ ជាមួយគ្នានេះត្រូវបន្តចូលរួមការពារទប់ស្កាត់មេរោគកូវីដ-១៩ ដោយត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង៣ការពារ និងត្រូវចាក់វ៉ាក់សាំងដូសជម្រុញ ទី៣ ទី៤និងទី៥ ឱ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន១៤៩គ្រួសារ ដែលមកពី៩ភូមិ និង៤ឃុំ ក្នុងនោះ(ឃុំឈានចំនួន ២៦គ្រួសារ ឃុំព្រះឃ្លាំង២៦គ្រួសារ ឃុំពោធិ៍៣០គ្រួសារ និងឃុំប្រមេរ ៦៨ គ្រួសារ) ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងថវិកាចំនួន ២០,០០០រៀល និងបានប្រគេនព្រះសង្ឃវត្តឧត្តមមុនីហៅវត្តប្រមេ នូវអង្ករ ១០០គីឡូ ត្រីខ ១០យួរ ទឹកស៊ីអ៉ីវ ៤យួរ និងថវិកា ២០០,០០០រៀលផងដែរ៕