(តាកែវ)៖ បន្ទាប់ពីមានព័ត៌មានមួយចំនួន បានផ្សព្វផ្សាយពាក់ព័ន្ធទៅ និងការហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់ និងអំពើរត់គេចពន្ធទំនិញឆ្លងកាត់ តាមច្រករបៀង និងប៉ុស្តិ៍ការពារព្រំដែន នៅតាមភូមិសាស្រ្តមួយចំនួន តាមច្រកទ្វាព្រំដែន រវាងខេត្តតាកែវ និងខេត្ត២របស់វៀតណាម គឺខេត្តអានយ៉ាង និងខេត្តគៀនយ៉ាងនោះ អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានចេញលិខិតមួយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ ដោយបានជម្រាបទៅលោកស្នងការខេត្ត និងលោកមេបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្ត ព្រមទាំងលោកអភិបាលស្រុក ដែលនៅជាប់ព្រំដែន ត្រូវចាត់វិធានការទប់ស្កាត់បញ្ហាខាងលើឲ្យមានប្រសិទ្ធិភាព។
យោងតាមលិខិតរបស់សាលាខេត្តតាកែវដែល Fresh News បានទទួលនៅថ្ងៃនេះ លោក ឡាយ វណ្ណៈ បានថ្លែងថា «លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ស្នងការនគបាលខេត្ត លោកឧត្តមសេនីយ៍ត្រី សេក រស់ មេបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្ត និងលោកអភិបាលស្រុកទាំង៤ ដែលនៅជាប់ព្រំដែនប្រទេសវៀតណាម ត្រូវចាត់វិធានការណ៍ទប់ស្កាត់ និងលុបបំបាត់ការចូលមករបស់0ជនអន្តោប្រវេសន៍ខុសច្បាប់ និងអំពើរត់គេចពន្ធគ្រប់ប្រភេទ តាមច្រករបៀង និងប៉ុស្តិ៍ការពារព្រំដែនក្នុងភូមិសាស្រ្តខេត្តតាកែវ»។ បើតាមលិខិតរបស់សាលាខេត្តតាកែវ យោងតាមលិខិតបញ្ជាលេខ០១ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាល និងអនុវត្តន៍តាមការណែនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅក្នុងអង្គសន្និបាទ បូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ ក្នុងការចូលរួមលុបបំបាត់ការចូលមកនូវជនអន្តោប្រវេសន៍ខុសច្បាប់ ព្រមទាំងធ្វើការទប់ស្កាត់ និងបង្រ្កាបអំពើរត់គេចពន្ធគ្រប់ប្រភេទ ដើម្បីពង្រឹងវិធានការ ប្រមូលពន្ធរបស់រាជរដ្ឋាភិបាល និងបង្កើនចំណូលថវិកាជាតិ សូមលោកស្នងការនគបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសិករង និងលោកអភិបាលស្រុក នៅជាប់ព្រំដែនទាំងអស់ ចាត់វិធានការណ៍ទប់ស្កាត់ និងបង្រ្កាបអំពើរត់គេចពន្ធលើទំនិញគ្រប់ប្រភេទ និងលប់បំបាត់ការចូលមកនូវជនអន្តោប្រវេសន៍ខុសច្បាប់តាមច្រករបៀង និងប៉ុស្តិ៍ការពារព្រំដែន ក្នុងភូមិសាស្រ្តខេត្តតាកែវ ដូចដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ធ្លាប់បានលើកឡើង និងណែនាំកន្លងមកដើម្បីធានាប្រសិទ្ធិភាពនៃការអនុវត្តន៍ច្បាប់ ស្ដីពីរអន្តោប្រវេសន៍ លិខិតបទដ្ឋានគតិយុត្ត និងបទបញត្តិពាក់ព័ន្ធជាធរមាន៕