(រតនគិរី)៖ មូលនិធិជាតិជំនួយសង្គម ដឹកនាំដោយលោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមូលនិធិជាតិជំនួយសង្គម សហការជាមួយរដ្ឋបាលខេត្តរតនគិរី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (មន្ទីរ ស.អ.យ.) និងសមាគមអតីតយុទ្ធជនខេត្ត នៅរសៀលថ្ងៃ២១ ខែកក្កដា ឆ្នាំ២០២២ បានប្រគល់ថវិកាឧបត្ថម្ភធានារ៉ាប់រងសង្គម និងបូជាសព ជូនគ្រួសារអតីតយុទ្ធជនចំនួន ២ គ្រួសារ។

សកម្មភាពនេះ បានធ្វើឡើងនៅសាលទទួលភ្ញៀវសាលាខេត្តរតនគិរី ដោយមានការចូលរួមពីលោកញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត ប្រធានសមាគមអតីតយុទ្ធជនខេត្ត និងប្រធានមន្ទីរ ស.អ.យ. ខេត្ត ផងដែរ។

ដើម្បីជាការរក្សានូវនូវប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់នោះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានណែនាំឱ្យមន្ទីរសង្គមកិច្ចខេត្ត-រាជធានី ធ្វើយ៉ាងឱ្យមន្ទីរផ្តល់សេវាតម្រូវការ ព្រមទាំងខិតខំធ្វើរបបគោលនយោបាយផ្តល់ឱ្យដល់គ្រួសារអតីតយុទ្ធជន។ ពាក់ព័ន្ធនឹងអនុសាសន៍របស់ថ្នាក់ដឹកនាំ គឺធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ដល់បងប្អូន ពោលរាជរដ្ឋាភិបាលមិនបោះបង់បងប្អូនគ្រួសារអតីតយុទ្ធជន ដែលលោកមានគុណបំណាច់ចំពោះជាតិ។

តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន ដោយបានដោះស្រាយរបបគោលនយោបាយប្រចាំខែ របបគោលនយបាយសម្រាប់សមាជិកអតីតយុទ្ធជន ដែលបានចូលនិវត្តន៍រហូតដល់ពេលសមាជិកអតីតយុទ្ធជនម្នាក់ៗមាន ពិសេសដល់សមាជិកអតីតយុទ្ធជនទទួលមរណភាព គឺមានការរៀបចំគោលការណ៍របបសម្រាប់ឧបត្ថម្ភដល់គ្រួសារ។ គោលនយោបាយជូនទៅតាមឋាន្តរស័ក្តកម្រិតតាមអនុក្រឹត្យ និងប្រកាសណែនាំ។

ជំនួសមុខឱ្យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ក្រុមការងារ និងខេត្ត បានសម្ដែងនូវការចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ ចំពោះការបាត់បង់សមាជិកគ្រួសារ ដែលបានទទួលមរណភាពដែលជាអតីតយុទ្ធជនយើង ធ្លាប់បានចូលរួមចំណែកលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុរំដោះការពារបូរណភាពទឹកដី រហូតទទួលបានជោគជ័យកន្លងមក៕