(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២២នេះ បានរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកងអាណត្តិទី៣ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និងលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ព្រមទាំងអភិបាលរងខណ្ឌបឹងកេងកង នាយករដ្ឋបាលខណ្ឌបឹងកេងកង អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុហត្ថខណ្ឌ ចៅសង្កាត់ទាំង៧ ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន សរុប២៧៥នាក់ នៅសាលប្រជុំសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សង្កាត់បឹងកេងកងទី៣។

លោក ធឹម សំអាន បានឯកភាពចំពោះការលើកឡើងរបស់ប្រធានក្រុមប្រឹក្សាខណ្ឌពាក់ព័ន្ធការដោះស្រាយរាល់សំណូមពរ ក៏ដូចជាបញ្ហាប្រឈមពាក់ព័ន្ធភាពអសកម្ម និងការងារដែលនៅសេសសល់របស់ប្រជាពលរដ្ឋលើកឡើង ក្នុងវេទិការសាធារណៈកន្លងមក។

លោក ធឹម សំអាន បានលើកឡើងថា ក្នុងនាមអាជ្ញាធរមូលដ្ឋានដែលចុះអនុវត្តការងារផ្ទាល់ជាមួយប្រជាពលរដ្ឋត្រូវរួម សហការគ្នាធ្វើការងារនេះ ដើម្បីពង្រឹងយន្តការអភិវឌ្ឍន៍ និងការរីកចម្រើន ក៏ដូចជាការផ្តល់សេវាល្អជូនពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ។

លោកអភិបាលខណ្ឌបានបន្ថែមថា កន្លងមករាល់សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ អាជ្ញាធរខណ្ឌ សង្កាត់ បានធ្វើការដោះស្រាយបានភាគច្រើនស្ទើរទាំងស្រុងនៅសល់តិចតួច តែទោះយ៉ាងណានឹងបន្តធ្វើការដោះស្រាយឲ្យបានទាំងស្រុងជូនប្រជាពលរដ្ឋ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅពេលនេះដោយផ្តោតសំខាន់ៗទៅលើការងារដូចខាងក្រោម៖
ទី១៖ បញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ។
ទី២៖ បញ្ហាចរាចរណ៍តាមដងផ្លូវឬដងវិថីឬមហាវិថី។
ទី៣៖ បញ្ហាគ្រោះអគ្គីភ័យ។
ទី៤៖ បញ្ហាដីធ្លី លំនៅដ្ឋាន និងបរិស្ថាន។
ទី៥៖ បញ្ហាផ្លូវថ្នល់ ប្រព័ន្ធលូ និងដើមឈើបណ្តាញផ្សេងៗ។
ទី៦៖ បញ្ហាសំណង់ខុសច្បាប់ និងគ្មានច្បាប់ក្នុងមូលដ្ឋាន។
ទី៧៖ បញ្ហាសេវាកម្ម ប្រមមែប្រមូលសំរាម ឬកាកសំណល់និងដឹកជញ្ជូនសំរាមជាដើម៕