(ភ្នំពេញ)៖ បន្ទាប់ពីបានដឹកនាំបាតុកម្មខុសច្បាប់អស់ជាច្រើនខែដោយមិនព្រមទទួលយកដំណោះស្រាយតាមច្បាប់ការងារ ឥឡូវដល់ពេលដែលសកម្មនយោបាយឈ្មោះ ឈឹម ស៊ីថរ និងជាមេដឹកនាំសហជីពអស់សុពលភាព រួមទាំងគូកនមួយចំនួនបានចេញក្បាច់ប្រកាសរៃអង្គាសប្រាក់វិញម្តង។
ឈឹម ស៊ីថរ និង វ៉ន ពៅ បានចេញសារអំពាវនាវឲ្យមហាជនជួយបរិច្ចាគថវិកាមួយដុល្លារក្រោម លេសថា ដើម្បីយុត្តិធម៌សង្គម និងសេរីភាពសហជីព។ សេចក្តីអំពាវនាវរបស់ឈឹម ស៊ីថរ និងគូកនគឺជាសម្រែកដែលបង្កប់ ដោយភាពពិសពុលច្រើនប្រការ៖
ទី១៖ ឈឹម ស៊ីថរ និងគូកន កំពុងប្រែក្លាយបាតុកម្មទៅជាអាជីវកម្ម ដោយយកគំរូតាមគ្រូជោគជ័យដែលធ្លាប់ផ្តល់មតិយោបល់ឲ្យតារាសិល្បៈមួយរូប សម្រក់ទឹកភ្នែកដើម្បីសុំក្តីអាណិតអាសូរពីមហាជនតាមរយៈការបរិច្ចាគថវិកាម្នាក់១ដុល្លារ។ ទោះបីជាក្បាច់នេះធ្លាប់ទទួលរងនូវការរិះគន់ពីមហាជនយ៉ាងខ្លាំងក៏ដោយ ក៏ឥឡូវនេះ ក្រុមសកម្មជននយោបាយជ្រកក្រោមស្លាកសហជីព បានចម្លងយកក្បាច់នេះមកប្រើដើម្បីរៃអង្គាសប្រាក់ម្នាក់១ដុល្លារ ក្រោមលេសដើម្បីយុត្តិធម៌សង្គម និងសេរីភាពសហជីព។ ប៉ុន្តែ ពួកគេបានភ្លេចចោទសួរខ្លួនឯងថា តើយុត្តិធម៌សង្គមអ្វី និងសេរីភាពសហជីពអ្វី បើបុគ្គលិកណាហ្គាវើលដ៏ដែលគេបញ្ឈប់ពីការងារដោយសារវិបត្តិនៃរោគរាតត្បាតសកល កូវីដ-១៩ ត្រូវបានក្រុមហ៊ុនផ្តល់សំណងគ្រប់បែបយ៉ាងតាមច្បាប់ការងារ និងត្រូវបានក្រសួងការងារធានាជួយសម្របសម្រួលរកការងារថ្មីឲ្យធ្វើទៀតនោះ។
យើងអាចនិយាយបានថា សម្រាប់អតីតបុគ្គលិកណាហ្គាវើលដ៏ទាំងនោះ លុយក៏បាន ការងារក៏មានធ្វើ។ តើអ្វីទៅជាយុត្តិធម៌សង្គម និងសេរីភាពសហជីពដែលសកម្មជននយោបាយទាំងនេះចង់និយាយ?
ទី២៖ សម្រែកអំពាវនាវ របស់ឈឹម ស៊ីថរ និង វ៉ន ពៅ បានធ្វើឡើងខណៈដែលអ្នកដើរតាមមានចំនួនកាន់តែតិចទៅៗ ដោយសារតែអតីតបុគ្គលិកណាហ្គាវើលដ៏កាន់តែច្រើនឡើងៗ បានយល់អំពីល្បិចកលនិងរបៀប វារៈនយោបាយរបស់ឈឹម ស៊ីថរ និងគូកន ហើយពួកគេបានសម្រេចចិត្តជាបន្តបន្ទាប់ឈប់ដើរតាមសកម្មជន នយោបាយជ្រកក្រោមស្លាកសហជីពតទៅទៀត ហើយងាកមកទទួល យកដំណោះស្រាយតាមច្បាប់ការងារវិញ ដើម្បីទទួលបានសំណងផងនិងទទួលបានការងារថ្មីសម្រាប់ចិញ្ចឹមគ្រួសារផង។ ដូច្នេះ នៅពេលដែលដឹងខ្លួនថា សកម្មភាពរបស់ខ្លួនកាន់តែឯកោឡើងៗ ឈឹម ស៊ីថរ ក៏ឆ្លេឆ្លាស្រែករកជំនួយពីសហជីពផ្សេងដែលជាខ្សែបណ្តាញរបស់ខ្លួនឲ្យចូលជួយបំពងសំឡេង។ ប៉ុន្តែ វាជាសំឡេងដែលគ្មាននរណាចង់ស្តាប់នោះឡើយ ពីព្រោះល្បិចកលដដែលៗទាំងនេះត្រូវបានគេស្គាល់ឡើងជ្រិញអស់ទៅហើយ។
ទី៣៖ សម្រែកអំពាវនាវ របស់ ឈឹម ស៊ីថរ និង វ៉ន ពៅ គឺជាចេតនាអូសបន្លាយការអុកឡុកសភាពការណ៍ក្រោមរបៀបវារៈ នយោបាយដើម្បីបង្វែរសភាពការណ៍ឲ្យគេមើលឃើញថា មានបញ្ហាអយុត្តិធម៌ និងការបំបិទសេរីភាពសហជីព។ ប៉ុន្តែ មហាជនទូទៅ ជាពិសេសបុគ្គលិកកម្មករ និយោជិតដែលធ្លាប់ រឺកំពុងបំរើការនៅក្នុងវិស័យឯកជនយល់និងដឹងយ៉ាងច្បាស់ថា គឺគ្មានអ្វីជាភាពអយុត្តិធម៌ ឬខុសច្បាប់ការងារនោះឡើយនៅពេលដែលម្ចាស់ក្រុមហ៊ុនបញ្ចប់កិច្ចសន្យាការងាររបស់បុគ្គលិកណាម្នាក់ដោយផ្តល់សំណងតាមច្បាប់ការងារទាំងស្រុងនោះ។ ផ្ទុយទៅវិញ អ្នកដែលឡាំប៉ាមិនព្រមទទួលយកដំណោះស្រាយតាមច្បាប់ការងារទៅវិញទេ ដែលជាអ្នកបំពានច្បាប់ការងារនោះ។
ទី៤៖ នេះគឺជាយុទ្ធនាការដើម្បីបង្ខូចឈ្មោះអាជ្ញាធរ និងរដ្ឋាភិបាលតាមរយៈការការភូតកុហក បំប៉ោង និងបំភ្លៃព័ត៌មានថា មាន អំពើហិង្សាទៅលើបាតុករ។ តាមពិតសមត្ថកិច្ចគ្រាន់តែអញ្ជើញពួកគេឡើងឡានដើម្បីដឹកពួកគាត់ទៅទីលានប្រជាធិបតេយ្យដែលជាកន្លែងតវ៉ាស្របច្បាប់។ ប៉ុន្តែពួកគេ រឹងរូសមិនព្រមឡើងឡានតាមសម្រួល ហើយត្រូវអាជ្ញាធររុញឱ្យឡើងឡាន។ ហើយជាទម្លាប់ ក្រុមនេះតែងតែប្រើល្បិចតដៃជាមួយសមត្ថកិច្ចដើម្បីឲ្យមានការប៉ះទង្គិចគ្នា ហើយក្រុមរបស់គេក៏ថតយកទៅបង្ហោះចោទថា សមត្ថកិច្ចប្រើហិង្សា។
សរុបមកវិញ អ្វីដែល ឈឹម ស៊ីថរ និងគូកនមួយក្តាប់តូចបាននិងកំពុងធ្វើ គឺជាសកម្មភាពបំពានច្បាប់ការងារទាំងស្រុង, បំពានទៅលើសិទ្ធិនយោជកផង និងបំពានទៅលើអាជ្ញាធរមានសមត្ថកិច្ចផង។ សំណាងហើយដែលក្រសួងការងារនិងសមត្ថកិច្ចកម្ពុជានៅតែបង្ហាញភាពអត់ធ្មត់ ដែលរហូតមកទល់ពេលនេះ មិនទាន់បានចាត់វិធានការអ្វីប្រឆាំងនឹងក្រុមនេះនៅឡើយ។
ទោះបីយ៉ាងណាគេសង្ឃឹមថា ការអត់ធ្មត់ទំនងជាមានព្រំដែន។ ដូច្នេះ គួរដល់ពេលហើយដែលសកម្មជននយោបាយជ្រកក្រោមស្លាកសហជីពទាំងឡាយបញ្ឈប់សកម្មភាពបែបនេះតទៅទៀត។ ប្រជាពលរដ្ឋខ្មែរពិតជាធុញទ្រាន់នឹងសកម្មភាពអនាធិបតេយ្យទាំងនេះយ៉ាងខ្លាំងណាស់។
ការរៃអង្គាសប្រាក់របស់ក្រុម ឈឹម ស៊ីថរ និងគូកនទំនងជាវិធីសាស្ត្រចុងក្រោយក្នុងការប្រែក្លាយបាតុកម្មទៅជាអាជីវកម្ម នៅមុនពេលដែលអតីតបុគ្គលិកណាហ្គាវើលដ៏ទាំងអស់ដកខ្លួនចេញពីការតវ៉ាហើយងាកទៅទទួលយកដំណោះស្រាយតាមច្បាប់ការងារវិញ។ ឈឹម ស៊ីថរ គិតថា យ៉ាងហោចណាស់មុននឹងសកម្មភាពនេះបញ្ចប់ទៅ ខ្លួននិងគូកនក៍អាចបានទទួលផលចំណេញ ពីអាជីវកម្មទៅលើបាតុកម្មនេះមួយចំនួនដែរតាមរយៈការបរិច្ចាគពីសំណាក់អ្នកដែលមិនទាន់យល់អំពីល្បិចកលរបស់ក្រុមនេះ។
ល្បិចបែបនេះគឺពិតជាការថតចម្លងនិងដើរ តាមក្បួនបោករបស់មេឧទ្ទាមជ្រុលនិយមក្រៅច្បាប់ដែលកំពុង រត់គេចពីសំណាញ់ច្បាប់ដែលធ្លាប់ត្រូវបានប្រើប្រាស់រាប់ទសវត្សរ៍មកហើយ ដោយប្រមូលបានថវិការាប់លានដុល្លារ។ ប៉ុន្តែពេលនេះ ការរៃអង្គាសប្រាក់របស់ពួកគេ មិនមែនជាវិធីរកលុយកាក់កបដូចពីមុនទៀតឡើយ ក្រោយពេលដែលខ្មែរនៅក្រៅប្រទេស ចាប់ផ្តើមយល់អំពីល្បិចបោករបស់ពួកជ្រុលនិយមទាំងនោះ។ នេះជាអ្វីដែល ឈឹម ស៊ូថរ និងគូកនគួរយល់ដឹងអំពី «ល្បិចក្រពើសម្រក់ទឹកភ្នែក» និង «ការធ្វើអាជីវកម្មក្នុងការអូសបន្លាយបាតុកម្ម»៕
ដោយ៖ អ្នកនយោបាយតុកាហ្វេ