(ភ្នំពេញ)៖ Starbucks ជាកាហ្វេដ៏ល្បីជាងគេបំផុត និងឈរនៅលេខរៀងលំដាប់ទី១​ នៅលើពិភពលោក មានប្រភពមកពីសហរដ្ឋអាមេរិក បាននឹងកំពុងតែបង្ហាញពីសក្ដានុ ពលរបស់ខ្លួនកាន់តែខ្លាំងនៅកម្ពុជា ដោយក្នុងរយៈពេលមិនដល់មួយឆ្នាំផង មានការទទួលស្គាល់ និងគាំទ្រយ៉ាង ច្រើនពីសំណាក់អតិថិជនហួសពីការរំពឹងទៅ រហូតឈាន់​ដល់បើកសាខាទី២ នៅផ្សារទំនើបអ៊ីអនម៉ល នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ។

លោក ប៉ លីម ប្រធានគ្រប់គ្រងទូទៅ Starbucks នៅកម្ពុជា បានថ្លែងថា «Starbucks បានវត្ដមាននៅកម្ពុជាជាលើកដំបូង នៅអាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញ កាលពីកន្លង​ថ្មីៗនេះ  ហើយពេលនេះ យើងបានបើកសម្ពោធសាខាទី២ នៅផ្សារទំនើបអ៊ីអនម៉ល ជាងនេះទៅទៀយើងនឹងឈានទៅដល់បើកសាខាទី៣មួយទៀត ដែលស្ថិតនៅ បឹងកេងកង ក្នុងពេលដ៏ឆាប់ខាងមុខនេះ»។

លោកបានបន្ដទៀតថា ជាមួយនឹងបទពិលោធន៍ជំនាញ ជាង ៤៤ឆ្នាំ នៅក្នុងទីផ្សារកាហ្វេ និងការដឹកនាំហាងកាហ្វេ Starbucks នេះ យើងជឿជាក់ថា យើងបានបំពេញ​តម្រូវ​ការ អតិថិជនទូទាំងពិភពលោក ពិសេសនោះនៅកម្ពុជាតែម្ដង ដោយយើងនឹងបម្រើជូននូវកាហ្វេ ដែលធ្វើពីដៃ ជាមួយនឹងទឹកចិត្ត និងចំណងចំណូលចិត្តរបស់ពូកយើង ទៅកាន់អតិថិជន ដែលបង្ហាញពីសិល្បៈការធ្វើកាហ្វេយ៉ាងត្រឹមត្រូវ និងការបរិភោគកាហ្វេដែលជាផ្នែកមួយក្នុងការរស់នៅ។

«កាន់តែពិសេសនោះគឺការធានាឲ្យបាននូវគុណភាពកាហ្វេ តម្លៃក៏សមរម្យដើម្បីក្លាយជាកាហ្វេរបស់ Starbucks យើងតម្រូវឲ្យមានគ្រប់កាហ្វេពិសេសបំផុត ដោយ Starbucks បានយកគ្រប់កាហ្វេ Arabica ដែលល្អបំផុត លើកពិភពលោក ដើម្បីផលិតកាហ្វេជាងនេះទៅទៀត Starbucks នឹងនាំមកនៅបទពិសោធថ្មី និងតែមួយគត់ ក្នុងការទទួលទានកាហ្វេ មកកាន់កម្ពុជា ជាមួយនឹងការបើកទ្វាស្វាគមន៍របស់សាខាថ្មីនៅចំកណ្ដាលទីក្រុងនេះ»។ នេះជាសំដីរបស់លោក ប៉ លីម បានបញ្ជាក់បន្ថែម។

លោកបានបន្ថែមថា «ទន្ទឹមនឹងនោះ ការតភ្ជាប់តម្រូវការរបស់អតិថិជន ជាមួយហាងកាហ្វេ ជាអ្វីដែលក្រុមហ៊ុន Starbucks តែងតែយកចិត្តទុកដាក់ជាចម្បង ហើយសាខាថ្មី គឺជាផ្ទះទីបីរបស់អតិថិជន ក្រៅពីគ្រួសារ និងកន្លែងធ្វើការ  ដោយអាចភ្ជាប់ទំនាក់ទំនង សម្រាប់ឱកាសធ្វើការ និងបង្កើតអ្វីដែលថ្មី ដែលមិនធ្លាប់មានពីមុនមក»។
 
លោក បន្ថែមទៀតថា ចំពោះការប្រមូលយកគ្រាប់កាហ្វេពីអ្នកផ្គត់ផ្កង់កាហ្វេ យើងបានបង្កើតឲ្យមានការទំនាក់ទំនងយ៉ាងល្អ ប្រសើររបស់ក្រុមហ៊ុន អ្នកផ្គត់ផ្កង់ និងអ្នកដាំដុះ ដើម្បីធានា​ឲ្យ​បាននូវគុណភាពជាមួយការគោរព និងការជឿទុកចិត្តរបស់ភាគីទាំងអស់។ តាមរយៈប្រព័ន្ធនេះ ក្រុមហ៊ុន បានក្លាយជាដៃគូជាចម្បង និងឈានមុខគេក្នុងការផលិតកាហ្វេ ដោយក្តាប់ជាមួយសិល្បៈ និងវិឡាសាស្រ្ដ ប៉ុន្ដែពួកយើងនៅតែយកចិត្តទុកដាក់ទៅកាន់ចំណេះដឹង នឹងការចូលចិត្តយ៉ាងជ្រាលជ្រៅ ដើម្បីកែច្នៃកាហ្វេដោយដៃពួកយើងផ្ទាល់ ហើយធ្វើឲ្យកាហ្វេយើងមានរសជាតិឆ្ងាញ់ និងក្លិនឈ្ងុយបំផុត។

គួរបញ្ជាក់ថា អតិថិជនជាច្រើនរយនាក់ បានមកឈរចាំតម្រាប ដើម្បីមកពិសាកាហ្វេ Starbucks ក្នុងឱកាសបើកសម្ពោធសាខាថ្មីនៅអ៊ីនអនម៉ល នៅព្រឹកថ្ងៃទី២៥ ខែឧសភា នេះ ។ កាហ្វេរបស់ Starbucks ដែលល្បីល្បាញលើកសកលលោកមួយនេះ មកទល់នឹងពេល មានសាខាជាង២ម៉ឺនហាងនៅទូទំាងពិភពលោក៕