(ភ្នំពេញ)៖ ក្រុមយុវជនបានទទូចសុំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ អនុវត្តការហាមឃាត់ការចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់ ខណៈថ្នាំជក់បានបំផ្លាញសុខភាពអ្នកប្រើប្រាស់ ប៉ះពាល់ដល់បរិស្ថាននិងខាតបង់សេដ្ឋកិច្ចជាតិ។
ការហាមឃាត់មិនអោយគ្រឹះស្ថានសិក្សាសហការជាមួយក្រុមហ៊ុនថ្នាំជក់ គឺការឆ្លើយតបនិងជាកាតព្វកិច្ចរបស់ជាតិ ចំពោះអនុសញ្ញាអន្តរជាតិស្តីពីការត្រួតពិនិត្យថ្នាំជក់ មាត្រា៥.៣។ នេះជាការលើកឡើងរបស់បេក្ខជនឆ្នើម ក្នុងកម្មវិធីប្រកួតនិយាយសាធារណៈវគ្គផ្ដាច់ព្រ័ត្រ ដែលប្រារព្ធឡើងនាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមវត្តមានជាអធិបតីលោកជំទាវ គឹម សេដ្ឋានីរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
កញ្ញា ហាក់ នីតា ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យសម្តេចឳសម្តេចម៉ែ ខេត្តរតនគិរី ដែលទទួលបាន ជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតនិយាយសាធារណៈ ក្រោមប្រធានបទ៖ «ហេតុអ្វីបានជាគ្រឹះស្ថានអប់រំ មិនត្រូវចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់?» ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ឱ្យដឹងថា គ្រឹះស្ថានសិក្សាគឺជាកន្លែងផ្តល់ចំណេះដឹង និងអប់រំយុវវជនគ្រប់ស្រទាប់វណ្ណៈ ហើយថ្នាំជក់បានបង្ករផលវិបាកជាច្រើនដល់សង្គម និងសុខភាពសារណៈ ដូច្នេះ មិនត្រូវមានការចាប់ដៃគូជាមួយគ្នាឡើយ ទោះក្នុងរូបភាពណាកក៏ដោយ។
លោក លី រតនា ជាម្ចាស់ជ័យលាភីលេខ៣ នៃការប្រគួតនោះបានឱ្យដឹង ក្រុមហ៊ុនថ្នាំជក់មានចេតនាទាក់ទាញឱ្យមាន ការប្រើប្រាស់ថ្នាំជក់តាមរយៈការផ្សាយពាណិជ្ជកម្មថ្នាំជក់ ការបង្កើតផលិតផលជំនាន់ថ្មីដែលទាក់ទាញខ្លាំងចំពោះយុវជន និងការធ្វើសកម្មភាពឧបត្ថម្ភនានានិងបង្កើតទំនាក់ទំនងសាធារណៈក្នុងគ្រឹះស្ថានសិក្សា និងស្ថាប័នដទៃទៀត ដើម្បីបិទបាំងពីផលអាក្រក់នៃការប្រើប្រាស់ថ្នាំជក់។ ដូច្នេះហើយលោកបានទទូចសុំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ អនុវត្តការហាមឃាត់ការចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់ ព្រោះថ្នាំជក់បានផ្តល់ផលវិបាកជាច្រើនដល់សុខភាពប្រជាជន បរិស្ថាន និងសេដ្ឋកិច្ជជាតិ។
យោងតាម Global Tobacco Industry Interference Index ការជ្រែតជ្រែករបស់ឧស្សាហកម្មថ្នាំជក់ មិនមែនកើតមានឡើងតែ ក្នុងគ្រឹះស្ថានសិក្សាប៉ុណ្ណោះទេ។ ស្ថាប័នផ្សេងទៀតដូចជា ស្ថាប័នសុខាភិបាល សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងសភាជាដើមក៏ជាគោលដៅ នៃការជ្រៀតជ្រែករបស់ឧស្សាហកម្មថ្នាំជក់ដែរ។ ភស្តុតាងវិទ្យាសាស្ត្របង្ហាញថា ល្បិចកលពីក្រោយសកម្មភាពឧបត្ថម្ភនានារបស់ក្រុមហ៊ុនថ្នាំជក់ គឺដើម្បីពង្រីកការផ្សព្វផ្សាយពាណិជ្ជកម្ម និងបង្ហាញកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនក្នុងសង្គម ដើម្បីអូសទាញការគាំទ្របិទបាំងផលប៉ះពាល់ នៃផលិតផលរបស់ខ្លួន និងបង្កើតឱកាសប្រឈមតតាំង ទៅនឹងគោលនយោបាយជាតិស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់។
ខ្លឹមសារសំខាន់នៃមាត្រា ៥.៣ របស់អនុសញ្ញា គឺ (១) ឧស្សាហករថ្នាំជក់និងសុខភាពសាធារណៈ មានទំនាស់ផលប្រយោជន៍ជាមូលដ្ឋាន និងមិនអាចផ្សះផ្សារគ្នាបាន។ (២) ឧស្សាហកម្មថ្នាំជក់មិនគួរបាន នូវការលើកទឹកចិត្តដើម្បីបង្កើត ឬប្រតិបត្តិជំនួញរបស់ពួកគេឡើយ ដោយសារថ្នាំជក់ជាផលិតផល ដែលបណ្ដាលឱ្យអ្នកប្រើប្រាស់ ស្លាប់បាត់បង់ជីវិត។ មាត្រា ៥.៣ ជាមាត្រាសំខាន់មួយ នៃអនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់ ដែលកម្ពុជាបានផ្ដល់សច្ចាបន ចូលជាសមាជិកតាំងពីឆ្នាំ ២០០៥មកម្លេះ។
ការអនុវត្តមាត្រានេះ ឆ្លុះបញ្ចាំងពីឆន្ទៈរបស់កម្ពុជាក្នុងការការពារ គោលនយោបាយត្រួតពិនិត្យថ្នាំជក់ ពីការជ្រែតជ្រែករបស់ឧស្សាហកម្មថ្នាំជក់។ អង្គការសុខភាពពិភពលោកបានបញ្ជាក់យ៉ាងច្បាស់ថា ឧស្សាហកម្មថ្នាំជក់ប្រតិបត្តជាច្រើនឆ្នាំមកហើយ ជាមួយចេតនាធ្វើឱ្យទន់ខ្សោយ នូវតួនាទីរដ្ឋាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងការអនុវត្តគោលនយោបាយសុខភាពសាធារណៈ ប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាល នៃការប្រើប្រាស់ថ្នាំជក់។
គួរបញ្ជាក់ផងដែរថា ថ្នាំជក់មិនមែនជាផលិតផលចាំបាច់នោះទេ តែវាផ្ដល់ផលប៉ះពាល់ដែលជាបន្ទុកមួយ សម្រាប់រដ្ឋាភិបាលត្រូវដោះស្រាយ។ សម្រាប់កម្ពុជា ប្រជាពលរដ្ឋប្រមាណ ១៥,០០០នាក់បានស្លាប់មុនអាយុ ដោយសារជំងឺដែលបង្ករពីការប្រើប្រាស់ថ្នាំជក់ ហើយថវិកាប្រមាណ ៦៤៩លានដុល្លារអាមេរិក ត្រូវបានខាតបង់។ ការប្រើប្រាស់ថ្នាំជក់បណ្ដាលអោយ អ្នកប្រើប្រាស់ស្លាប់មុនអាយុ ប្រាកដណាស់ក្រុមហ៊ុនថ្នាំជក់ត្រូវការអ្នកជក់ថ្មីៗទៀត ដើម្បីរក្សាផលចំណេញ៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន)