(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំពិភាក្សា ស្ដីពីការដាក់ឱ្យដេញថ្លៃលើការផ្គត់ផ្គង់សម្ភារ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំ២០១៧ ខាងមុខនេះ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅទីស្ដីការ គ.ជ.ប ក្រោមប្រធានបទ២ គឺ ទី១ ដេញថ្លៃការបោះពុម្ពទម្រង់បែបបទ ឯកសារ៨មុខ និងទី២ ការផ្គត់ផ្គង់សម្ភារវេចខ្ចប់ សម្ភារបម្រើការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦។
រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញ បានចេញសេចក្តីប្រកាស ដោយកំណត់ថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ ជាថ្ងៃបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ខាងមុខនេះ។
ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ថែមជុំវិញការកំណត់ថ្ងៃបោះឆ្នោតនេះ ។
សម្តេចថា «ការប្រញាប់ប្រញាលប្រកាសពីកាលបរិច្ឆេទបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ (៤-មិថុនា-២០១៧) ដើម្បីទុកពេលឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់រៀបចំការបោះឆ្នោត និងជំរុញឲ្យអាជ្ញាធរពន្លឿនការ ធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ ដែលមិនទាន់បានធ្វើ ហើយក៏ដើម្បីឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ចំណាយ លើការបោះឆ្នោត ព្រមទាំងជាការដាស់ឲ្យបក្សនយោបាយត្រៀមលក្ខណៈសម្បត្តិផងដែរ»៕