(ភ្នំពេញ)៖ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបន្តអំពាវនាវដល់ក្រុមយុវជន ខិតខំយកចំណោះដឹងថ្មីៗដែលខ្លួនបានស្រាវជ្រាវ ទៅអនុវត្តន៍លើខ្លួនឯង និងបន្តធ្វើជាគំរូជំរុញដល់ក្រុមគ្រួសារ មិត្តភក្តិ និងយុវជនផ្សេងៗទៀតឱ្យឈប់ប្រើប្រាស់ថ្នាំជក់ និងចូលរួមទប់ស្កាត់គ្រប់រូបភាពនៃការចររាចរថ្នាំជក់ ដើម្បីឈានទៅសម្រេចបាននូវសង្គមជាតិទាំងមូលគ្មានថ្នាំជក់។
លោកស្រី គឹម សេដ្ឋានី បានលើកឡើងយ៉ាដូចនេះ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកម្មវិធីប្រកួតនិយាយជាសាធារណៈ វគ្គផ្តាច់ព្រ័ត្រក្រោមប្រធានបទ៖ ហេតុអ្វីបានជាគ្រឹះស្ងានសិក្សា មិនត្រូវចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់? បានបានរៀបចំឡើងនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា (CMH) រួមទាំងលោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ជាច្រើនរូបទៀត។
លោកស្រី គឹម សេដ្ឋានី បានថ្លែងទៀតថា គិតមកដល់ពេលនេះមានរដ្ឋជាច្រើន រួមទាំងក្រសួងស្ថាប័នជាច្រើន បានដាក់ចេញនូវអនុសញ្ញាគោលនយោបាយ និងគោលការ ទប់ស្កាត់ថ្នាំជក់ជាច្រើន តែនៅមិនទាន់អាចយកប្រើបានទាំងស្រុង នូវការទប់ស្កាត់ចររាចរនៃការប្រើប្រាស់ថ្នាំជក់បានទេ ដោយសារតែ នៅតែ បន្តមានការប្រើប្រាស់ ទើបនៅតែមានចររាចរថ្នាំជក់ ដូចនេះប្រសិនបើប្រជាពលរដ្ឋទាំងអស់ ឆ្លើយថាទេចំពោះថ្នាំជក់ នោះនឹងមិនមានចររាចរថ្នាំជក់ទៀតនោះទេ។
លោកស្រី គឹម សេដ្ឋានី បានបន្ថែមថា ការចូលរួមរបស់យុវជនក្នុងការទប់ស្កាត់ការប្រើប្រាស់ និងទប់ស្កាត់គ្រប់រូបភាពនៃថ្នាំជក់ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការនាំសារពីផលប៉ះពាលនៃថ្នាំជក់ និងបញ្ហាគ្រោះថ្នាំនៃថ្នាំជក់ដល់អ្នកដ៏ទៃ ដើម្បីឱ្យពួកគាត់បានបញ្ឈប់ការប្រើប្រាស់ថ្នាំជក់ ដែលនេះជាការបំពេញសម្រាប់ខ្លួន ជាយុវជនដែលបានជួយដល់សង្គមជាតិវិញផងដែរ។
ជាមួយគ្នានោះបើតាមយុវជនជយលាភី ក៏បានទទូចសុំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធអនុវត្តការហាមឃាត់ ការចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់ ការហាមឃាត់មិនឱ្យគ្រឹះស្ថាន សិក្សាសហការជាមួយក្រុមហ៊ុនថ្នាំជក់ ដែលជាការឆ្លើយតបនឹងជាកាតព្វកិច្ចរបស់ជាតិ ចំពោះអនុសញ្ញាអន្តរជាតិស្តីពីការត្រួតពិនិត្យថ្នាំជក់មាត្រា៥.៣។
សូមបញ្ជាក់ដែរថា ខ្លឹមសារសំខាន់នៃមាត្រា ៥.៣ របស់អនុសញ្ញាអន្តរជាតិ គឺ (១) ឧស្សាហករថ្នាំជក់ និងសុខភាពសាធារណៈ មានទំនាស់ផលប្រយោជន៍ជាមូលដ្ឋាន និងមិនអាចផ្សះផ្សារគ្នាបាន។ (២) ឧស្សាហកម្មថ្នាំជក់មិនគួរបាននូវការលើកទឹកចិត្តដើម្បីបង្កើត ឬប្រតិបត្តិជំនួញរបស់ពួកគេឡើយ ដោយសារថ្នាំជក់ជាផលិតផល ដែលបណ្ដាលឱ្យអ្នកប្រើប្រាស់ស្លាប់បាត់បង់ជីវិត។
បន្ថែមលើនេះទៀតយុវជនឆ្នើម បានបន្ថែមថា ការចូលរួមរបស់ក្រសួងអប់រំ យុវជន និងកីឡា មិនទាន់គ្រប់គ្រាន់នៅឡើយទេ និងបានទទូចសុំឱ្យក្រសួងស្ថាប័ន ផ្សេងៗទៀតដូចជា៖ ស្ថាប័នសុខាភិបាល សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពាណិជ្ជកម្ម ដាក់ចេញនូវគោលនយោបាយហាមឃាត់កិច្ចសហការជាមួយឧស្សាហកម្មថ្នាំជក់ផងដែរ៕