(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នឹងបន្តពង្រឹងការធ្វើពាណិជ្ជកម្មក្នុងប្រទេស តាមរយៈកសាងសហគ្រិនភាព ដើម្បីផ្សារភ្ជាប់ការធ្វើពាណិជ្ជកម្មក្នុងប្រទេស ទៅពាណិជ្ជកម្មក្រៅប្រទេស ដើម្បីពង្រីកទីផ្សារ និងការជំរុញការអនុវត្តការងារពាណិជ្ជកម្ម។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងពាណិជ្ជកម្ម» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ក្នុងការធ្វើពាណិជ្ជកម្មក្នុងប្រទេស ក្រសួងបានធ្វើការងារយ៉ាងច្រើន ដើម្បីកសាង និងអភិវឌ្ឍន៍វិស័យឯកជន ទាំងសហគ្រិនភាព និងទីផ្សារ ដើម្បីធានានូវសុខដុមនីយកម្ម។
លោកបន្តថា តាមរយៈកសាងជំនាញសហគ្រិនភាព និងលើកកម្ពស់សហគ្រិនស្រ្តី គឺដើម្បីឱ្យការធ្វើការពាណិជ្ជកម្មរបស់កម្ពុជា ស្មើមុខ ស្មើមាត់ជាមួយបណ្តាប្រទេសដៃគូអាស៊ានដទៃទៀត ក៏ដូចជាដៃគូរនៅក្នុងពិភពលោក។ បន្ថែមពីនោះ ក្រសួងបានជំរុញនូវការកសាងទំនិញកម្ពុជា ឱ្យមានទទួលស្គាល់ពីអន្តរជាតិ ក្រោមការកសាងម៉ាកសញ្ញា ដែលជាការចូលគាំទ្រអាជីវកម្មខ្នាតតូច។
លើសពីនេះទៅទៀត បានរៀបចំឱ្យមានមជ្ឈមមណ្ឌលពាណិជ្ជកម្មនៅក្រៅប្រទេស ដើម្បីឱ្យស្គាល់ច្បាស់តម្រូវការទីផ្សារ និងធ្វើការឆ្លើយតបឱ្យបានទាន់ពេលវេលា និងត្រឹមត្រូវទៅតាមលក្ខខណ្ឌតម្រូវការ ដើម្បីប្រាកដថា ទំនិញរបស់កម្ពុជាមានតម្រូវការនៅលើទីផ្សារអន្តរជាតិ និងលក់បានតម្លៃប្រកួតប្រជែងមួយជាមួយទំនិញប្រទេសដទៃ។
ក្នុងការអភិវឌ្ឍន៍ទីផ្សារ ក្រសួងពាណិជ្ជកម្មបានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅក្រៅប្រទេសចំនួន១២ទីតាំង និងបានបញ្ចប់ការសាងសង់ផ្សារ និងប្រគល់ផ្សារគំរូព្រំដែនកម្ពុជា ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ រួមនិងមន្ទីពាណិជ្ជកម្មខេត្តត្បូងឃ្មុំ និងកំពុងរៀបចំសាងសង់ផ្សារគំរូព្រំដែនកម្ពុជា នៅខេត្តកំពត និងស្វាយរៀង។
ជាមួយគ្នានេះ ក្រសួងបានរៀបចំជំនួបរវាងអ្នកលក់ និងអ្នកបញ្ជាទិញនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមានសក្តានុពលមួយចំនួន ដើម្បីជំរុញការលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ក្នុងក្របខ័ណ្ណទូទាំងប្រទេស ក៏ដូចជាបានផ្គូរផ្គង និងរកដៃគូធុរកិច្ចរវាងអ្នកបញ្ជាទិញដំឡូងមីពីប្រទេសចិន និងអ្នកផ្គត់ផ្គង់ដំឡូងមីនៅកម្ពុជា តាមរយៈការសម្រេចបានកិច្ចសន្យាបញ្ជាទិញដំឡូងមី ពីកម្ពុជាចំនូន៤០ម៉ឺនតោនពីក្រុមហ៊ុននៅប្រទេសចិន សម្រាប់រយៈពេល៣ឆ្នាំ ពីឆ្នាំ២០២២ ២០២៤៕