(ព្រះសីហនុ)៖ នៅយប់ចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ស្រ្តីមានផ្ទៃពោះ៣ខែម្នាក់រស់នៅក្នុងក្រុងកោះរ៉ុង មានអការៈធ្លាក់ឈាមបណ្តាលមកពីការរលូតកូន ត្រូវបានជួយដឹកមកសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យបង្អែកខេត្ត ដោយលោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ។

លោកឧកញ៉ា បានបញ្ជូនអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទាំងភ្លៀងខ្លាំង ទៅទទួលយកស្ត្រីរងគ្រោះ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្នុងករណីខាងលើនេះ លោកឧកញ៉ា ទៀ វិចិត្រ បានប្រាប់ឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ លាង ចាន់ណា អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បច្ចុប្បន្នស្រ្តីរងគ្រោះ ត្រូវបានលោកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុនលោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុទាំងយប់ផងដែរ៕