(រតនគិរី)៖ លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម និងប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ របស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ នាសាលប្រជុំសាលាខេត្តរតនគិរី។
កិច្ចប្រជុំមានគោលបំណងបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ ដែលបានចុះឈ្មោះក្នុងបញ្ជីឧបត្ថម្ភ កម្មវិធីឧបត្ថម្ភសាច់ប្រាក់កុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធ នឹងកូវីដ១៩ កម្មវិធីកំណត់ អត្តសញ្ញាណ ជនមានពិការភាព ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គ្រួសារមានប័ណ្ណសមធម៌ និងលេីកទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២២។
ថ្លែងក្នុងកិច្ចប្រជុំនេះលោក ញ៉ែម សំអឿន បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ រដ្ឋបាលខេត្ត រដ្ឋបាលស្រុក ក្រុង មន្ទីរអង្គ ភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញមុខងារភារកិច្ចរបស់ខ្លួនក្នុងការសម្របសម្រួល ពិគ្រោះយោបល់ ផ្តល់ប្រឹក្សា តាមដានត្រួតពិនិត្យជំរុញ និងសហការចូលរួមដោះស្រាយនូវរាល់បញ្ហាប្រឈមពាក់ព័ន្ធ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងដែនសមត្ថកិច្ចរបស់ ខ្លួន ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសស្រ្តីមានផ្ទៃពោះ កុមារ ជនចាស់ជរា និងជនមានពិការភាព ជនមានផ្ទុកមេរោគអេសដ៍ ក្នុងគ្រួសារក្រីក្រ ការផ្ដល់ផលប្រយោជន៍ប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គមក្នុង ក្របខ័ណ្ឌ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ។
ថ្លែងក្នុងកិច្ចប្រជុំនេះផងដែរ លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានលើកឡើងថា ដើម្បីឆ្លើយតប និងគាំទ្រកម្មវីធីជំនួយសង្គមដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងអនុវត្ត និងត្រៀមខ្លួនទទួលយកកម្មវិធីជំនួយសង្គមថ្មីៗបន្តទៀតនាពេលអនាគតប្រកបដោយប្រសិទ្ធភាពខ្ពស់ ទើបក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឱ្យមន្ទីរសង្គមកិច្ច រាជធានី ខេត្តទាំងអស់ ត្រូវរៀបចំឱ្យមានកិច្ចប្រជុំនាពេលនេះ រកបញ្ហាប្រឈម និងដំណោះស្រាយដើម្បីកែលម្អការអនុវត្តកម្មវិធីឱ្យបានល្អប្រសើរថែមទៀត។
លោកបានបន្តថា ទន្ទឹមនឹងការសម្រេចបាននូវវឌ្ឍនភាពគួរជាទីមោទនៈដែលបានអនុវត្តកន្លងមក ក៏នៅមានកិច្ចការ និងបញ្ហាប្រឈមមួយចំនួន ដែលត្រូវផ្តោតការយកចិត្តទុកដាក់ តាមការពង្រឹងប្រព័ន្ធតាមដានត្រួតពិនិត្យ និងការទប់ស្កាត់ភាពមិនប្រក្រតីរបស់មន្ត្រីនៅថ្នាក់ឃុំ សង្កាត់មួយចំនួនតូច ជាពិសេសការបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីជៀសវាងការថ្នាំងថ្នាក់ និងការបាត់បងទំនុកចិត្តពីប្រជាពលរដ្ឋក្នុងការចូលរួមអនុវត្តកម្មវិធី៕